អារ៉ាប៊ីសាអូឌីត ថាមិនឱ្យមានការប្រើប្រាស់ដែនអាកាស ដើម្បីធ្វើសកម្មភាពប្រឆាំងអ៉ីរ៉ង់ ស្រដៀងគ្នានឹងអេមីរ៉ាតអារ៉ាប់រួម (Video inside)
28-01-2026 14:49
(រីយ៉ាដ)៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SPA បានរាយការណ៍កាលពីថ្ងៃអង្គារសប្តាហ៍នេះថា ព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman បានប្រាប់ប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian ថាទីក្រុងរីយ៉ាដ មិនអនុញ្ញាតឱ្យដែនអាកាស ឬទឹកដីរបស់ខ្លួន ត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពយោធា ប្រឆាំងនឹងទីក្រុងតេហេរ៉ង់ឡើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ ២០២៦។
ក្នុងសន្ទនាតាមទូរស័ព្ទជាមួយលោក Pezeshkian ព្រះអង្គម្ចាស់ bin Salman បានឡើងពីការគាំទ្ររបស់អារ៉ាប៊ីសាអូឌីត ចំពោះកិច្ចខិតខំប្រឹងប្រែងដោះស្រាយភាពខ្វែងគំនិតគ្នា តាមរយៈការសន្ទនា ដើម្បីជំរុញសន្តិសុខ និងស្ថិរភាពក្នុងតំបន់។ បើតាមប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ លោក Pezeshkian បានប្រាប់ព្រះអង្គម្ចាស់ bin Salman ថាទីក្រុងតេហេរ៉ង់ ស្វាគមន៍ដំណើរការណាមួយ ក្រោមក្របខ័ណ្ឌនៃច្បាប់អន្តរជាតិ ដែលរារាំងមិនឱ្យមានសង្គ្រាម។
សេចក្តីថ្លែងការណ៍របស់ព្រះអង្គម្ចាស់ bin Salman គឺស្រដៀងគ្នានឹងសេចក្តីថ្លែងការណ៍របស់អេមីរ៉ាតអារ៉ាប់រួម ដែលថាមិនអនុញ្ញាតឱ្យមានសកម្មភាពយោធាណាមួយប្រឆាំងអ៉ីរ៉ង់ ដោយប្រើប្រាស់ដែនអាកាស ឬដែនទឹករបស់ខ្លួនឡើយ។
គួរបញ្ជាក់ថា ភាពមិនប្រាកដប្រជា ជុំវិញការធ្វើសកម្មភាពយោធាលើអ៉ីរ៉ង់ គឺនៅតែមាន ក្រោយកងនាវាចម្បាំងអាមេរិក បានទៅដល់តំបន់មជ្ឈិមបូព៌ា តាមការប្រកាសរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ៕





