រដ្ឋមន្រ្តីការបរទេសអាមរិក នឹងព្រមានពីការធ្វើសកម្មភាពយោធាជាថ្មី បើមេដឹកនាំស្តីទីវ៉េណេស៊ុយអេឡា ហ៊ានដើរផ្ទុយពីគោលដៅរបស់ទីក្រុងវ៉ាស៉ីនតោន (Video inside)
28-01-2026 15:19
(វ៉ាស៉ីនតោន)៖ នាថ្ងៃពុធនេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio គ្រោងនឹងចេញសារព្រមានថា រដ្ឋបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ ត្រៀមលក្ខណៈជាស្រេច ដើម្បីធ្វើសកម្មភាពយោធាជាថ្មី ប្រឆាំងវ៉េណេស៊ុយអេឡា ប្រសិនបើរដ្ឋាភិបាលស្តីទី នៃប្រទេសអាមេរិកឡាទីនមួយនេះ ហ៊ានដើរផ្ទុយពីក្តីរំពឹងរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AP នាថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២៦។
ក្នុងការផ្តល់សក្ខីកម្មដែលត្រូវបានរៀបចំទុកមុន សម្រាប់ធ្វើឡើងក្នុងសវនាការចំពោះមុខគណៈកម្មាធិការទំនាក់ទំនងការបរទេស នៃព្រឹទ្ធសភាអាមេរិក លោក Rubio និយាយថា សហរដ្ឋអាមេរិកមិនស្ថិតក្នុងសង្រ្គាមជាមួយវ៉េណេស៊ុយអេឡាទេ ហើយមេដឹកនាំស្តីទីវ៉េណេស៊ុយអេឡា កំពុងតែផ្តល់កិច្ចសហការ ក៏ប៉ុន្តែលោកគូសបញ្ជាក់ថា រដ្ឋបាលលោក ត្រាំ នឹងមិនច្រានចោលជម្រើសប្រើប្រាស់កម្លាំងយោធាជាថ្មីឡើយ បើចាំបាច់ ក្រោយប្រតិបត្តិការវាយប្រហារដើម្បីចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro កាលពីដើមខែមករានេះ។
យោងតាមសេចក្តីថ្លែងការណ៍ផ្តើម ដែលត្រូវបានរៀបចំទុក និងចេញផ្សាយកាលពីថ្ងៃអង្គារ ដោយក្រសួងការបរទេសអាមេរិកផ្ទាល់ លោក Rubio នឹងប្រាប់គណៈកម្មាធិការព្រឹទ្ធសភាអាមេរិកថា «យើងត្រៀមលក្ខណៈជានិច្ចក្នុងការប្រើប្រាស់កម្លាំង ដើម្បីធានាឱ្យបាននូវកិច្ចសហប្រតិបត្តិការជាអតិបរមា ប្រសិនបើមធ្យោបាយដទៃទៀតបរាជ័យ។ យើងសង្ឃឹមថា វានឹងមិនចាំបាច់ទេ ប៉ុន្តែយើងក៏មិនដែលគេចវេះពីភារកិច្ចរបស់យើងចំពោះប្រជាជនអាមេរិក និងបេសកកម្មយើងនៅក្នុងតំបន់មួយនេះផងដែរ»។
គួរបញ្ជាក់ថា ក្រុមសមាជិកសភាបក្សប្រជាធិបតេយ្យ បានថ្កោលទោសប្រតិបត្តិការយោធារបស់លោក ត្រាំ នៅវ៉េណេស៊ុយអេឡា ថាហួសពីដែនអំណាចរបស់ស្ថាប័ននីតិប្រតិបត្តិ ខណៈសមាជិកបក្សសាធារណរដ្ឋសឹងតែទាំងអស់ បានបង្ហាញជំហរគាំទ្រដោយចាត់ទុកថា វាជាការអនុវត្តអំណាចប្រធានាធិបតីដោយស្របច្បាប់។ បក្សប្រជាធិបតេយ្យ បានផ្តួចផ្តើមសេចក្តីព្រាងច្បាប់មួយ ដែលមានគោលដៅរឹតត្បិតអំណាចធ្វើសកម្មភាពយោធារបស់លោក ត្រាំ ប៉ុន្តែវាបានបរាជ័យនៅសភាក្នុងខែនេះ ក្រោយការជំទាស់ពីបក្សសាធារណរដ្ឋ៕







