នាយករដ្ឋមន្រ្តីអ៉ីស្រាអែល ព្រមានថាកុំសង្ឃឹមអាចកសាងហ្កាហ្សាឡើងវិញ រហូតទាល់តែហាម៉ាសរំសាយអាវុធ ហើយលែងមានសព្វាវុធឬរូងក្រោមដីទៀត នៅទីនោះ (Video inside)

28-01-2026 16:02

(ហ៊្សេរុយសាឡិម)៖ កាលពីថ្ងៃអង្គារ ទី២៧ ខែមករា នាយករដ្ឋមន្រ្តីនៃប្រទេសអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា អ៉ីស្រាអែលនឹងងាកទៅផ្តោតលើ ការរំសាយអាវុធរបស់ក្រុមហាម៉ាស ព្រមទាំងការលុបបំបាត់សព្វាវុធនិងរូងក្រោមដី នៅក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីទទួលបានចំណាប់ខ្មាំងចុងក្រោយបង្អស់មកវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Netanyahu បានបន្ថែមថា នឹងពុំមានការងារស្ថាបនាឡើងវិញឡើយនៅហ្កាហ្សា រហូតទាល់តែបេសកកម្មទាំងពីរខាងលើ ត្រូវសម្រេចបានដោយជោគជ័យ។ មិនតែប៉ុណ្ណោះ លោកនាយករដ្ឋមន្រ្តី ក៏បានប្តេជ្ញាដែរថា នឹងរារាំងការបង្កើតរដ្ឋប៉ាឡេស្ទីននៅហ្កាហ្សា ហើយទទូចថា អ៉ីស្រាអែលនឹងបន្តរក្សាការគ្រប់គ្រងផ្នែកសន្តិសុខទាំងនៅទីនោះ ព្រមទាំងនៅតំបន់ West Bank បើទោះបីជា​មានការទទួលស្គាល់កាន់តែទូលំទូលាយពីអន្តរជាតិ ចំពោះភាពជារដ្ឋរបស់ប៉ាឡេស្ទីនក៏ដោយ។

លោក Netanyahu បានលើកឡើងយ៉ាងដូច្នេះថា «ឥឡូវយើងនឹងផ្តោតលើការសម្រេចគោលដៅសេសសល់ចំនួន២ នោះគឺការរំសាយអាវុធហាម៉ាស និងការលុបបំបាត់សព្វាវុធក៏ដូចជារូងក្រោមដីនៅហ្កាហ្សា។ វានឹងសម្រេចបានតាមមធ្យោបាយងាយស្រួល ឬមួយក៏តាមមធ្យោបាយលំបាក ទោះក្នុងករណីមួយណាក៏ដោយ គឺវានឹងកើតឡើង។ នាពេលនេះ ខ្ញុំថែមទាំងលឺមានការអះអាង​ទៀតថា ការងារស្ថាបនាហ្កាហ្សាឡើងវិញ នឹងត្រូវបានអនុញ្ញាតមុនការរំសាយអាវុធនិងការលុបបំបាត់យោធា... រឿងនេះនឹងមិនកើតឡើងឡើយ»

គួរបញ្ជាក់ថា ផែនការបទឈប់បាញ់ហ្កាហ្សា ដែលគាំទ្រដោយសហរដ្ឋអាមេរិក និងដែលចូលជាធរមានចាប់តាំងពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ បានកំណត់ឱ្យមានការប្រគល់ចំណាប់ខ្មាំងទាំងអស់ ដែលត្រូវបានចាប់យកទៅហ្កាហ្សា តាំងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នៅក្រោមដំណាក់កាលទី១ ហើយក្នុងដំណាក់កាលទី២ ក្រុមហាម៉ាសត្រូវរំសាយអាវុធរបស់ខ្លួន។ អ៉ីស្រាអែល ទទួលបានសាកសពចំណាប់ខ្មាំងចុងក្រោយគេ ឈ្មោះ Ran Gvili កាលពីថ្ងៃចន្ទសប្តាហ៍នេះ ហើយហាម៉ាសបាននិយាយថា ការប្រគល់សាកសពនោះ ឆ្លុះបញ្ចាំងពីការប្តេជ្ញា​របស់ខ្លួនចំពោះកិច្ចព្រមព្រៀងឈប់បាញ់ ប៉ុន្តែមកទល់ឥឡូវហាម៉ាស មិនទាន់បោះបង់អាវុធនៅឡើយទេ៕