ប្រធានាធិបតីម៉ិកស៉ិក មិនបានច្រានចោលព័ត៌មាន ដែលថាការនាំចេញប្រេងទៅគុយបា ត្រូវបានផ្អាក (Video inside)

28-01-2026 16:34

(ម៉ិកស៉ីកូ)៖ ឆ្លើយតបទៅនឹងសំណួរថា តើមានការផ្អាកនាំចេញប្រេងរបស់ម៉ិកស៉ិក ទៅកាន់ប្រទេសគុយបាឬទេ ចំពេលមានសម្ពាធពីទីក្រុងវ៉ាស៉ីនតោន? លោកស្រីប្រធានាធិបតី Claudia Sheinbaum និយាយថាការសម្រេចចិត្តមួយ គឺផ្អែកអធិបតេយ្យភាពប្រទេស មិនមែនដោយសារតែសហរដ្ឋអាមេរិកនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ ២០២៦។

ចម្លើយរបស់លោកស្រី ហាក់ដូចជាបានទទួលស្គាល់ហើយថា ម៉ិកស៉ិកបានបញ្ឈប់ការដឹកជញ្ជូន ដែលបានគ្រោងទុកទៅឱ្យគុយបា។ ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកកាសែតបានសួរទៀតថា តើម៉ិកស៉ិក បន្តដឹកជញ្ជូនប្រេងទៅគុយបាឬទេ? លោកស្រី Sheinbaum និយាយថា «ប្រសិនបើមាន គេផ្សព្វផ្សាយហើយ»

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍មុនគេ អំពីការផ្អាកនេះ។ Reuters កាលពីសប្តាហ៍មុន បានធ្វើសេចក្តីរាយការណ៍ទាំងស្រុងថា រដ្ឋាភិបាលម៉ិកស៉ិក កំពុងពិនិត្យឡើងវិញលើការបន្តដឹកជញ្ជូនប្រេងទៅគុយបា ចំពោះមុខភាពភ័យខ្លាចក្នុងរដ្ឋាភិបាលលោកស្រី Sheinbaum ថាម៉ិកស៉ិកអាចប្រឈមនឹងការសងសឹកពីអាមេរិក ពាក់ព័ន្ធគោលនយោបាយនេះ។

គួរបញ្ជាក់ថា ការនាំចេញប្រេងរបស់ម៉ិកស៉ិកទៅគុយបា ស្ថិតនៅក្រោមការតាមដានយ៉ាងម៉ត់ចត់ នៅទីក្រុងវ៉ាស៉ីនតោន បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្តេជ្ញាលែងឱ្យមានលំហូរប្រេង និងលុយវ៉េណេស៊ុយអេឡាចូលទៅគុយបា ក្រោយការចាប់ខ្លួនមេដឹកនាំ លោក នីកូឡាស ម៉ាឌូរ៉ូ កាលពីថ្ងៃទី៣ ខែមករា ដោយកងកម្លាំងពិសេសអាមេរិក៕