តៃវ៉ាន់ ហាត់សមធ្វើប្រតិបត្តិការយន្តហោះចម្បាំង F-16 ស៊េរីទំនើបចុងក្រោយ (Video inside)

28-01-2026 17:05

(តៃប៉ិ)៖ កងទ័ពអាកាសតៃវ៉ាន់ បានបង្ហាញសមត្ថភាពធ្វើប្រតិបត្តិការ ដើម្បីឱ្យយន្តហោះចម្បាំង F-16 ស៊េរីទំនើបបំផុតរបស់ខ្លួន វិលត្រឡប់ឡើងលើអាកាសវិញយ៉ាងឆាប់រហ័ស នៅក្នុងសមយុទ្ធត្រៀមលក្ខណៈមួយ នាថ្ងៃពុធ ទី២៨ ខែមករា ដើម្បីហ្វឹកហ្វឺនផ្តោតលើការប្រយុទ្ធគ្នា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅឯមូលដ្ឋានទ័ពអាកាស Chiayi ភាគខាងត្បូងនៃកោះ ក្រុមបុគ្គលិកនៅមូលដ្ឋាន បាននាំគ្នាបំពាក់មីស៉ីលប្រឆាំងយន្តហោះ AIM-9M Sidewinder និង AIM-120 AMRAAM ផលិតនៅសហរដ្ឋអាមេរិក ទៅលើ F-16V ដែលឱ្យយន្តហោះ ហោះឡើងលើអាកាសវិញបានយ៉ាងលឿន។

លោក Wu Bo-jhih មន្ត្រី​ផ្នែកប្រព័ន្ធ​អាវុធ ប្រាប់​អ្នកយកព័ត៌មាន​ថា «នេះ​ធានាថា ក្នុង​រយៈពេល​ដ៏ខ្លី​បំផុត យន្តហោះ​អាច​បំពេញ​ការផ្គត់ផ្គង់​គ្រាប់រំសេវ និង​ការចាក់​ប្រេង​ឡើងវិញ ហើយ​ចាប់ផ្តើម​វាយប្រហារ​បាន​យ៉ាង​ឆាប់រហ័ស»

ពីឡុត F-16 លោក Shih Shun-de និយាយថា វាជារឿងសំខាន់ ដែលឱ្យគ្រប់គ្នាបានដឹងពីសមត្ថភាពកងទ័ពអាកាស។ លោកបញ្ជាក់ថា «សមយុទ្ធ​បែប​ប្រថុយប្រថាន​នេះ ​អនុញ្ញាត​ឱ្យសាធារណជន​ ឃើញ​ពី​ការ​ហ្វឹកហ្វឺន​បែប​ប្រាកដនិយម និង​ផ្តោត​លើ​ការ​ប្រយុទ្ធ​របស់​កងទ័ពអាកាស»

គួរបញ្ជាក់ថា ស្ទើរតែរាល់ថ្ងៃ កងទ័ពអាកាសតៃវ៉ាន់ បានតាមដាន និងព្រមានយន្តហោះចិន ដែលហោះហើរជាប្រចាំ នៅជុំវិញកោះ។ ទីក្រុងតៃប៉ិ ចាត់សកម្មភាពរបស់ចិន ជាយុទ្ធនាការយាយីដើម្បីសាកកម្លាំង និងធ្វើឱ្យកងកម្លាំងតៃវ៉ាន់បាក់ទឹកចិត្ត និងជាការដាក់សម្ពាធផ្នែកនយោបាយ៕