ព្យុះ Kristin វាយប្រហារព័រទុយហ្គាល់ និងអេស្ប៉ាញ ធ្វើឱ្យដាច់ភ្លើងជាង ៨០ម៉ឺនកន្លែង (Video inside)
28-01-2026 20:06
(លីសបោន/ម៉ាឌ្រីដ)៖ ព្យុះ Kristin បានបោកបក់យ៉ាងខ្លាំងក្លាលើតំបន់ភាគកណ្តាល និងភាគខាងជើងប្រទេសព័រទុយហ្គាល់នៅថ្ងៃពុធនេះ ដោយបានកាត់ផ្តាច់ចរន្តអគ្គិសនីដល់ពលរដ្ឋជាង ៨០០,០០០នាក់ និងបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់ មុនពេលបន្តដំណើរចូលទៅក្នុងប្រទេសអេស្ប៉ាញ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អាជ្ញាធរព័រទុយហ្គាល់បានរាយការណ៍ពីឧប្បត្តិហេតុប្រហែល ១,៥០០ករណី ដែលបង្កឡើងដោយខ្យល់បោកបក់ក្នុងល្បឿនរហូតដល់ ១៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ ជនរងគ្រោះម្នាក់បានស្លាប់នៅពេលដើមឈើដួលរលំលើរថយន្តនៅជាយរដ្ឋធានីលីសបោន។
បន្ទាប់ពីវាយប្រហារព័រទុយហ្គាល់ ព្យុះនេះបានបន្តបោកបក់ចូលទៅក្នុងប្រទេសអេស្ប៉ាញ ដែលបានរងគ្រោះពីឥទ្ធិពលនៃព្យុះ Joseph ពីមុនមក។ ស្ត្រីម្នាក់បានស្លាប់នៅទីក្រុង Torremolinos ដោយសារដើមឈើរលំសង្កត់។
នៅអេស្ប៉ាញដដែលនេះ ផ្លូវជាង ១៦០ខ្សែត្រូវបានរងផលប៉ះពាល់ដោយព្រិលធ្លាក់ រួមទាំងផ្លូវហាយវេធំៗចំនួន ២៧ខ្សែផងដែរ។ ទីភ្នាក់ងារអាកាសធាតុអេស្ប៉ាញ បានព្រមានថា តំបន់ជាច្រើននឹងប្រឈមមុខនឹងខ្យល់បោកបក់ខ្លាំងកម្រិតព្យុះសង្ឃរា ដោយអាជ្ញាធរនៅខេត្ត Almeria ភាគខាងត្បូងបានចេញសេចក្តីប្រកាសអាសន្នពណ៌ក្រហម និងបានបិទសួនច្បារ រួមទាំងផ្អាកសកម្មភាពកីឡា និងការអប់រំនៅតំបន់ខ្លះផងដែរ៕





