អ៊ីរ៉ង់បញ្ជាក់ថា គ្មានការសុំចរចាជាមួយអាមេរិកឡើយ ខណៈកងនាវា «Abraham Lincoln» កំពុងឆ្ពោះមក (Video inside)
28-01-2026 21:13
(តេហេរ៉ង់)៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក សេយេត អាបាស់ អារ៉ាក់ឈី (Seyed Abbas Araghchi) បានប្រកាសនៅថ្ងៃពុធនេះថា លោកមិនមានការទំនាក់ទំនងណាមួយជាមួយបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក ស្ទីវ វីតកុហ្វ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះទេ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន IRNA។
លោក អារ៉ាក់ឈី បានបញ្ជាក់ថា អ៊ីរ៉ង់មិនបានដាក់សំណើសុំចរចាជាមួយសហរដ្ឋអាមេរិកឡើយ ខណៈភាពតានតឹងនៅតែមានកម្រិតខ្ពស់។ លោកបានសង្កត់ធ្ងន់ថា «ការចរចាគួរតែធ្វើឡើងដោយស្មើភាពគ្នា ផ្អែកលើការគោរពគ្នាទៅវិញទៅមក និងដើម្បីការពារផលប្រយោជន៍ទ្វេភាគី»។
ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បានប្រកាសថា «កងនាវាចម្បាំងដ៏ធំ» ដែលដឹកនាំដោយនាវាផ្ទុកយន្តហោះ Abraham Lincoln កំពុងធ្វើដំណើរទៅកាន់អ៊ីរ៉ង់ និងបានព្រមានថា «ពេលវេលាជិតអស់ហើយ» សម្រាប់កិច្ចព្រមព្រៀង។
ជាការឆ្លើយតប អ៊ីរ៉ង់បានព្រមានថា នឹងផ្តល់ការឆ្លើយតបដ៏ «ទូលំទូលាយ និងធ្វើឱ្យមានការសោកស្តាយ» ចំពោះការឈ្លានពានណាមួយ។ ទន្ទឹមនឹងនេះ លោក អារ៉ាក់ឈី ក៏បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកាតា ដើម្បីស្វែងរកមធ្យោបាយកាត់បន្ថយភាពតានតឹងផងដែរ៕




