លោក ពូទីន ទទួលជួបមេដឹកនាំស៊ីរី ដើម្បីពិភាក្សាពីអនាគតនៃវត្តមានយោធារុស្ស៊ីនៅស៊ីរី

28-01-2026 22:17

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានទទួលជួបសមភាគីស៊ីរី លោក Ahmed al-Sharaa នៅវិមានក្រឹមឡាំងកាលពីថ្ងៃពុធ ដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗ ជាពិសេសអនាគតនៃវត្តមានយោធារបស់រុស្ស៊ីនៅក្នុងប្រទេសស៊ីរី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ចាប់តាំងពីលោក Sharaa ដែលដឹកនាំសម្ព័ន្ធឥស្លាមនិយម បានទម្លាក់លោក អាសាដ ដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ីកាលពីខែធ្នូ ឆ្នាំ២០២៤ មក ទីក្រុងមូស្គូបានព្យាយាមកសាងទំនាក់ទំនងល្អជាមួយមេដឹកនាំថ្មីនេះ ដើម្បីរក្សាឥទ្ធិពល និងទីតាំងឈរជើងយោធារបស់ខ្លួន។

សេចក្តីរាយការណ៍បានឱ្យដឹងថា រុស្ស៊ីកំពុងដកកងកម្លាំងចេញពីអាកាសយានដ្ឋាន Qamishli នៅភាគឦសានស៊ីរី ដែលត្រូវបានគេមើលឃើញថាជាកាយវិការសុឆន្ទៈ និងជាសញ្ញាថារុស្ស៊ីនឹងមិនលូកដៃក្នុងជម្លោះជាមួយកងកម្លាំងដឹកនាំដោយឃឺដឡើយ។ ទោះជាយ៉ាងណា រុស្ស៊ីរំពឹងថានឹងបន្តរក្សាមូលដ្ឋានទ័ពអាកាស Hmeimim និងមូលដ្ឋានទ័ពជើងទឹក Tartous ដដែល។

នាឱកាសនោះផងដែរ លោក ពូទីន បានអបអរសាទរលោក Sharaa ចំពោះវឌ្ឍនភាពក្នុងការស្តារបូរណភាពទឹកដីស៊ីរី ចំណែកឯ លោក Sharaa ក៏បានថ្លែងអំណរគុណចំពោះជំនួយរបស់រុស្ស៊ីក្នុងការរក្សាស្ថិរភាពនៅក្នុងតំបន់៕