នាយករដ្ឋមន្ត្រីហ្គ្រីនឡែនអំពាវនាវឱ្យបង្កើនការឃ្លាំមើល និងសន្តិសុខនៅក្នុងតំបន់​ ទោះមាន «បន្ទាត់ក្រហម» ជាមួយអាមេរិក (Video inside)

28-01-2026 22:59

(ប៉ារីស)៖ នាយករដ្ឋមន្ត្រីហ្គ្រីនឡែន លោក ជេនស៍-ហ្វ្រេដេរិក នីលសិន (Jens-Frederik Nielsen) បានប្រកាសនៅថ្ងៃពុធនេះថា បានកំណត់ «បន្ទាត់ក្រហម» ច្បាស់លាស់ដែលមិនអាចបំពានបាននៅក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក ប៉ុន្តែលោកបានទទួលស្គាល់ថា ចាំបាច់ត្រូវបង្កើនការឃ្លាំមើល និងសន្តិសុខនៅក្នុងតំបន់ដើម្បីទប់ទល់នឹងភាពគំរាមកំហែងរបស់រុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក នីលសិន រួមជាមួយនាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី មេតេ ហ្វ្រេដេរិកសេន បានទៅដល់ទីក្រុងប៉ារីស ដើម្បីជួបប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ក្នុងគោលបំណងស្វែងរកការគាំទ្រប្រឆាំងនឹងបំណងរបស់លោក ត្រាំ ដែលចង់កាន់កាប់កោះអាក់ទិកនេះ។

លោក ម៉ាក្រុង បានយល់ស្របថា ចាំបាច់ត្រូវពង្រឹងវិស័យការពារជាតិនៅតំបន់អាក់ទិក ដោយសារតែជំហររបស់រុស្ស៊ី និងវត្តមានសេដ្ឋកិច្ចរបស់ចិន។ លោកបានបញ្ជាក់ថា បារាំងត្រៀមខ្លួនជាស្រេចក្នុងការចូលរួមជាមួយណាតូ ដើម្បីបង្កើនសកម្មភាពឃ្លាំមើលនៅក្នុងតំបន់នេះ៕