វៀតណាមនិងសហភាពអឺរ៉ុប ដំឡើងទំនាក់ទំនងដល់កម្រិតខ្ពស់បំផុត អំឡុងទស្សនកិច្ចប្រមុខ EU នៅទីក្រុងហាណូយ (Video inside)

29-01-2026 14:51

(ហាណូយ)៖ នាថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា វៀតណាមនិងសហភាពអឺរ៉ុប (EU) បានដំឡើងទំនាក់ទំនងដល់កម្រិតខ្ពស់បំផុត ដោយប្តេជ្ញាធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៉ីជម្រៅ ក្នុងវិស័យផ្សេងៗដូចជាពាណិជ្ជកម្ម បច្ចេកវិទ្យា និងសន្តិសុខ អំឡុងទស្សនកិច្ច​មកកាន់ទីក្រុងហាណូយ ដោយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក Costa បានប្រកាសដូច្នេះថា «យើងនឹងដំឡើងទំនាក់ទំនងរបស់យើងដល់កម្រិតខ្ពស់បំផុត គឺដល់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» ហើយការសម្រេចចិត្តនេះ ឆ្លុះបញ្ចាំងអំពីជម្រៅនិងគម្លាតនៃកិច្ចសហប្រតិបត្តិការរវាង EU និងវៀតណាម ហើយលោកសង្កត់ធ្ងន់ថា «ពួកយើងអាចធ្វើការកាន់តែច្រើនថែមទៀត ក្នុងវិស័យពាណិជ្ជកម្ម ថាមពលបៃតង សេដ្ឋកិច្ចអភិវឌ្ឍន៍ សន្តិសុខ និងការពារជាតិ»

ការព្រមព្រៀងគ្នាខាងលើ កើតមានឡើងមិនដល់មួយសប្តាហ៍នោះឡើយ បន្ទាប់ពីបក្សកុម្មុយនីស្តវៀតណាម បានជ្រើសរើសឱ្យ​អគ្គលេខាធិការ លោក To Lam បន្តធ្វើជាមេដឹកនាំកំពូលរបស់ប្រទេស ហើយគាំទ្រចក្ខុវិស័យរបស់លោក ក្នុងការជំរុញកំណែទម្រង់ធំៗ ដែលផ្តោតលើការលើកកម្ពស់កំណើនសេដ្ឋកិច្ច។ វៀតណាមនិង EU បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កាលពីឆ្នាំ២០១៩ ហើយគិតចាប់តាំងពីពេលនោះមក ការធ្វើពាណិជ្ជកម្មទ្វេភាគី បានកើនឡើងខ្ទង់​៤០ភាគរយ។

គួរបញ្ជាក់ថា វៀតណាមបានលេចមុខជា ប្រទេសដែលមានស្ថានភាពសេដ្ឋកិច្ចល្អប្រសើរគួរកត់សម្គាល់នៅក្នុងតំបន់ ដោយទទួលបានកំណើន៨ភាគរយ កាលពីឆ្នាំ២០២៥ បើទោះបីជារងការដំឡើងពន្ធ២០ភាគរយ ពីទីផ្សារនាំចេញធំបំផុតរបស់ខ្លួន គឺសហរដ្ឋអាមេរិកក៏ដោយ៕