អង់គ្លេស ស្វែងរកការចាប់ផ្តើមថ្មី ក្នុងទំនាក់ទំនងជាមួយចិន ដើម្បីជំរុញសេដ្ឋកិច្ច (Video inside)

29-01-2026 15:33

(ប៉េកាំង)៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer បានប្រាប់ប្រធានាធិបតីចិន ស៉ី ជីនពីង នាថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ថាលោកចង់ស្តារទំនាក់ទំនងស្មុគស្មាញរវាងអង់គ្លេស និងចិនឡើងវិញ ហើយមានគោលដៅជំរុញកំណើន និងសន្តិសុខ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅថ្ងៃពិសេសជាងគេនៃទស្សនកិច្ច ៤ថ្ងៃក្នុងប្រទេសចិន ដែលជាដំណើរទស្សនកិច្ចលើកដំបូង ដោយនាយករដ្ឋមន្ត្រីអង់គ្លេស ក្នុងរយៈពេល ៨ឆ្នាំ លោក Starmer បានជួបប្រជុំជាមួយលោក ស៉ី នៅឯសាលធំប្រជាជន មុនពេលទទួលទានអាហារថ្ងៃត្រង់ជាមួយគ្នា។

លោក Starmer បានប្រាប់លោក ស៉ី ថា «ចិនគឺជាតួអង្គសំខាន់មួយនៅលើឆាកអន្តរជាតិ ហើយវាសំខាន់ណាស់ក្នុងការស្តារទំនាក់ទំនង ដែលអាចឱ្យយើងកំណត់ឱកាសដើម្បីសហការ ប៉ុន្តែក៏ត្រូវមានការសន្ទនាលើបញ្ហាដែលខ្វែងគំនិតគ្នាផងដែរ»។ ចំណែក លោក ស៉ី និយាយថា «ទំនាក់ទំនងជាមួយចក្រភពអង់គ្លេស បានឆ្លងកាត់ «ភាពបត់បែន និងប្រែប្រួល» ដែលមិនបានបម្រើផលប្រយោជន៍ដល់ប្រទេសណាមួយឡើយ ហើយចិនត្រៀមខ្លួនរួចជាស្រេច ក្នុងការអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្ររយៈពេលវែង»

ការអត្ថាធិប្បាយថ្មីនេះ គឺជាសញ្ញានៃការទម្លាយភាពទាល់ច្រក ក្នុងចំណងមិត្តភាពអង់គ្លេស-ចិន បន្ទាប់ពីចម្រូងចម្រាសអស់ជាច្រើនឆ្នាំ។ លោក Starmer គឺជាមេដឹកនាំប្រទេសលោកខាងលិចមួយរូបទៀត ដែលងាកមកទាក់ទងជាមួយចិន ប្រឈមមុខនឹងភាពមិនច្បាស់លាស់ពីសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ ទស្សនកិច្ចរបស់លោក Starmer កើតមានឡើង បន្ទាប់ពីទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ច ជាមួយទីក្រុងប៉េកាំង ដើម្បីរុះរើរបាំងពាណិជ្ជកម្ម និងបានធ្វើឱ្យលោក ត្រាំ ខឹងសម្បារយ៉ាងខ្លាំង៕