ក្រុមហ៊ុនប្រេងរុស្ស៉ីជាប់ទណ្ឌកម្ម Lukoil នឹងលក់ទ្រព្យសកម្មនៅបរទេស ទៅឱ្យក្រុមហ៊ុនអាមេរិក Carlyle Group (Video inside)
29-01-2026 16:20
(មូស្គូ)៖ ក្រុមហ៊ុនផលិតប្រេងរុស្ស៉ីលំដាប់ទី ២លើពិភពលោក Lukoil បានប្រកាសពីការលក់ទ្រព្យសម្បត្តិបរទេស ដែលមានតម្លៃសរុបប្រហែល ២២ពាន់លានដុល្លារ ទៅឱ្យក្រុមហ៊ុនភាគហ៊ុនឯកជនអាមេរិក Carlyle Group ដោយរង់ចាំតែការយល់ព្រម ពីរដ្ឋាភិបាលសហរដ្ឋអាមេរិកប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ ២០២៦។
Lukoil បានឱ្យដឹងថា ក្រុមហ៊ុនសាខារបស់ខ្លួន គឺ LUKOIL International GmbH មានមូលដ្ឋាននៅទីក្រុង Vienna ប្រទេសអូទ្រីស នឹងត្រូវលក់ឱ្យ Carlyle Group។ ប៉ុន្តែកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារួចរាល់នេះ មិនមែនជារឿងផ្តាច់មុខសម្រាប់ក្រុមហ៊ុនទេ ហើយវាក៏ស្ថិតក្រោមលក្ខខណ្ឌមួយចំនួនដូចជា ការអនុម័តផ្នែកច្បាប់ រួមទាំងការអនុញ្ញាតពីការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (OFAC) នៃក្រសួងហិរញ្ញវត្ថុអាមេរិក សម្រាប់ប្រតិបត្តិការរបស់ Carlyle។
Lukoil បានរងទណ្ឌកម្មអាមេរិក កាលពីខែតុលា ឆ្នាំមុន ជុំវិញវឌ្ឍនភាពយឺតយ៉ាវនៃការចរចាសន្តិភាពរុស្ស៉ី-អ៊ុយក្រែន។ ក្រសួងហរិញ្ញវត្ថុអាមេរិក ធ្លាប់រារាំងកិច្ចព្រមព្រៀងចំនួន ២ ដែលមួយគឺរវាងក្រុមហ៊ុន Lukoil ជាក្រុមហ៊ុនពាណិជ្ជកម្មស្វីស Gunvor ក្នុងខែតុលា និងសំណើដោះដូរភាគហ៊ុនរៀបចំឡើងដោយ Xtellus Partners ក្នុងខែធ្នូ។
ក្រៅពី Lukoil ក្រុមហ៊ុនផលិតប្រេងធំជាងគេរបស់រុស្ស៉ី Rosneft ក៏កំពុងរងទណ្ឌកម្មពីសហរដ្ឋអាមេរិកផងដែរ៕





