យោធាតៃវ៉ាន់ ហាត់សមឆ្លើយតបនឹងការវាយប្រហារតាមសមុទ្រ
29-01-2026 17:01
(តៃប៉ិ)៖ នាថ្ងៃព្រសហ្បតិ៍ ទី២៩ ខែមករានេះ យោធាតៃវ៉ាន់ បានរៀបចំលំហាត់សមធ្វើត្រាប់ ទប់ទល់នឹងការវាយប្រហាររបស់ចិន ដោយជិះទូកល្បាតល្បឿនលឿន បាញ់ស្ទាក់មីស៉ីល និងយន្តហោះដ្រូន ដែលបាញ់ចេញពីឆ្នេរសមុទ្រ ដើម្បីបញ្ឈប់ការប៉ុនប៉ងឈ្លានពាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លំហាត់សមលើឆ្នេរមួយកន្លែងនៃមូលដ្ឋានកងទ័ពជើងទឹក Zuoying ទីក្រុង Kaohsiung ភាគខាងត្បូងតៃវ៉ាន់ គឺរៀបចំជាសេណារីយ៉ូមួយ ដែលតៃវ៉ាន់រកឃើញទូកមិនស្គាល់អត្តសញ្ញាណ ចតនៅលើឆ្នេរ ហើយមានការបញ្ជូនដ្រូនមកស៉ើបអង្កេត។ បន្ទាប់មក ដ្រូនវាយប្រហាររបស់តៃវ៉ាន់ និងទូកល្បាតល្បឿនលឿនបំពាក់ដោយមីស៉ីល ត្រូវបានបង្ខំចិត្តឱ្យធ្វើសកម្មភាព។ ជាមួយគ្នានេះ ក្រុមកាំភ្លើងបាញ់ស៉ីប បានជួយបង្ក្រាបសត្រូវ ហើយមីស៉ីលប្រឆាំងនាវា Hsiung Feng ផលិតក្នុងស្រុក ត្រូវបានបាញ់ចេញពីជើងទម្រដែលលាក់ខ្លួននៅលើឆ្នេរ។
មន្ត្រីកងម៉ារីនម្នាក់ ដែលនិយាយទាំងពាក់ម៉ាស់ពេញមុខ និងមិនផ្តល់ឈ្មោះដោយសារហេតុផលសុវត្ថិភាព បានប្រាប់អ្នកយកព័ត៌មានថា លំហាត់សមនៅក្បែរឆ្នេរសមុទ្រ ជាមួយបេសកកម្មអមការវាយប្រហារ អាចសម្លាប់ និងអនុវត្តការស្ទាក់ចាប់រួមគ្នាប្រកបដោយប្រសិទ្ធភាព។ លោកបន្ថែមថា នេះបង្ហាញពីប្រសិទ្ធភាពនៃការប្រយុទ្ធដើម្បីការពារ និងទប់ទល់របស់កងទ័ពជើងទឹក ក៏ដូចជាអំណាចប្រយុទ្ធ និងភាពធន់នៃកងម៉ារីន ចំពោះការវាយប្រហារទាំងពីសមុទ្រ និងពីដីគោក៕






