ការស្ទង់មតិរបស់បណ្តាញ CGTN៖ «ការទូតបែបអនុត្តរភាព» របស់អាមេរិក បញ្ចេញសញ្ញាអាសន្នដល់អភិបាលកិច្ចសកល
29-01-2026 17:56
(ប៉េកាំង)៖ បច្ចុប្បន្ន គោលនយោបាយ “អាមេរិកជាអាទិភាព” បានពន្លឿនការទន្ទ្រានកាន់កាប់ធនធាន និងកំណត់ក្បួនច្បាប់ជាថ្មី ឡើងវិញក្នុងក្របខណ្ឌពិភពលោក ដោយចាត់ទុក “ការធ្វើឱ្យអាមេរិកមានភាពអស្ចារ្យឡើងវិញ” ជាស្នូល អាមេរិកបានប្រែឯកតោភាគីនិយម ឱ្យទៅជាការទូតបែបអនុត្តរភាព ប្រការនេះបានបណ្តាលឱ្យសហគមន៍អន្តរជាតិ មានការព្រួយបារម្ភជាទូទៅ។ បណ្តាញទូរទស្សន៍ CGTN របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានធ្វើការស្ទង់មតិ ចំពោះអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតនៅទូទាំងពិភពលោក ដែលបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៩០,៧ភាគរយ បានថ្កោលទោសចំពោះ “ការទូតបែបអនុត្តរភាព” របស់អាមេរិក ហើយរិះគន់ថា អាមេរិកចង់ទទួលបានភាពជាអ្នកដឹកនាំអន្តរជាតិ ប៉ុន្តែបែរជាធ្វើសកម្មភាពដែលមិនចង់រ៉ាប់រងកាតព្វកិច្ចនៃអភិបាលកិច្ចសកលទៅវិញ ដែលបានបង្ហាញយ៉ាងច្បាស់លាស់ នូវគំនិតអនុត្តរភាព។
ចាប់ពីចូលឆ្នាំថ្មីមក អាមេរិកបានដកខ្លួនចេញពីអង្គការអន្តរជាតិជាច្រើន ដែលពាក់ព័ន្ធនឹងវិស័យអភិបាលកិច្ចសកល ដូចជាអភិបាលកិច្ចអាកាសធាតុ សុខភាពសាធារណៈ ការអប់រំ វប្បធម៌ ជនភៀសខ្លួន និងការអភិវឌ្ឍជានិរន្តរភាពជាដើម ។ ក្នុងការស្ទង់មតិលើកនេះ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៣,៤ភាគរយរិះគន់អាមេរិកថា មានអាកប្បកិរិយាអវិជ្ជមាន ចំពោះអភិបាលកិច្ចសកល ហើយថា អាមេរិកជាប្រទេសធំដែលគ្មានភាពទទួលខុសត្រូវ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៥,៣ភាគរយសម្គាល់ឃើញថា គោលនយោបាយ“អាមេរិកជាអាទិភាព”បានបំផ្លាញយ៉ាងខ្លាំងដល់រូបភាពជាតិ និងកិត្តិនាមអន្តរជាតិរបស់អាមេរិក។
“ការទូតបែបអនុត្តរភាព” របស់អាមេរិកបានបំពានដល់សណ្តាប់ធ្នាប់អន្តរជាតិក្នុងពេលបច្ចុប្បន្នជាបន្តបន្ទាប់ ដែលបានលាតត្រដាងជាថ្មី នូវបញ្ហាជាច្រើនក្នុងប្រព័ន្ធអភិបាលកិច្ចសកល ដូច្នេះ សហគមន៍អន្តរជាតិគួរពួតដៃគ្នា ដើម្បីឆ្លើយតបការប្រឈមរួម៕
វិទ្យុមិត្តភាពកម្ពុជាចិន




