ន័រវែសចំណាយ ២ពាន់លានដុល្លារទិញប្រព័ន្ធកាំភ្លើងធំពីកូរ៉េខាងត្បូង ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់រុស្ស៊ី (Video inside)
29-01-2026 18:34
(អូស្លូ)៖ ក្រសួងការពារជាតិន័រវែស បានប្រកាសនៅថ្ងៃព្រសហ្បតិ៍នេះថា ខ្លួនបានយល់ព្រមចុះកិច្ចព្រមព្រៀងទិញប្រព័ន្ធកាំភ្លើងធំរយៈចម្ងាយឆ្ងាយ និងកាំជ្រួចពីក្រុមហ៊ុនការពារជាតិ Hanwha Aerospace របស់កូរ៉េខាងត្បូងក្នុងតម្លៃសរុប ២ពាន់លានដុល្លារ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសសមាជិកណាតូមួយនេះ ដើម្បីបង្កើនសមត្ថភាពទប់ស្កាត់ និងការពារប្រឆាំងនឹងរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមរយៈកិច្ចព្រមព្រៀងនេះ ន័រវែសនឹងទទួលបានប្រព័ន្ធបាញ់បង្ហោះចំនួន ១៦គ្រឿង និងកាំជ្រួចមួយចំនួនទៀត ដោយសម្រេចចិត្តជ្រើសរើសយកប្រព័ន្ធ Chunmoo របស់ក្រុមហ៊ុន Hanwha ជំនួសឱ្យប្រព័ន្ធ HIMARS របស់ក្រុមហ៊ុនអាមេរិក Lockheed Martin បន្ទាប់ពីការប្រកួតប្រជែងដេញថ្លៃ។ រដ្ឋមន្ត្រីការពារជាតិ លោក Tore Sandvik បានបញ្ជាក់ថា ក្រុមហ៊ុន Hanwha នឹងធ្វើការដឹកជញ្ជូនអង្គភាពបាញ់បង្ហោះ និងសម្ភារៈហ្វឹកហ្វឺននៅឆ្នាំ២០២៨ ដល់ ២០២៩ ខណៈកាំជ្រួចនឹងត្រូវប្រគល់ជូននៅឆ្នាំ២០៣០ និង ២០៣១។
គួរបញ្ជាក់ថា ប្រទេសន័រវែស ដែលមានព្រំដែនជាប់នឹងរុស្ស៊ីនៅតំបន់អាក់ទិក បានលើកឡើងថា សង្គ្រាមនៅអ៊ុយក្រែនបានបង្ហាញយ៉ាងច្បាស់ថា កាំភ្លើងធំរយៈចម្ងាយឆ្ងាយគឺមានសារៈសំខាន់បំផុតនៅក្នុងសមរភូមិសម័យទំនើប។ ប្រព័ន្ធរបស់កូរ៉េខាងត្បូងនេះ បានបំពេញតាមតម្រូវការទាំងអស់របស់ន័រវែស រួមទាំងសមត្ថភាពបាញ់បានចម្ងាយរហូតដល់ ៥០០គីឡូម៉ែត្រ និងមានពេលវេលាដឹកជញ្ជូនលឿនបំផុត។
ទោះបីជាសមាជិកសភាន័រវែសខ្លះបានស្នើឱ្យប្រទេសជួយអភិវឌ្ឍជម្រើសមីស៊ីលរបស់អឺរ៉ុបក៏ដោយ ក៏រដ្ឋាភិបាលបានច្រានចោលគំនិតនេះ ដោយអះអាងថាវាត្រូវចំណាយពេលវេលាយូរ និងអស់ប្រាក់ច្រើនពេក៕






