អង់គ្លេស និងចិន ប្រកាសស្តារទំនាក់ទំនងឡើងវិញ ជាមួយការវិនិយោគ ១៥ពាន់លានដុល្លារពី AstraZeneca (Video inside)

29-01-2026 19:36

(ប៉េកាំង)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក ខៀរ ស្តារមឺរ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រកាសសាទរចំពោះការស្តារទំនាក់ទំនងឡើងវិញរវាងមហាអំណាចទាំងពីរនៅថ្ងៃព្រហស្បតិ៍នេះ។ នៅក្នុងជំនួបកំពូល មេដឹកនាំទាំងពីរបានសន្យាកសាងភាពជាដៃគូសេដ្ឋកិច្ចដ៏រឹងមាំ ដែលមានការគាំទ្រដោយការវិនិយោគដ៏ធំសន្ធឹកសន្ធាប់ពីក្រុមហ៊ុនឱសថយក្ស AstraZeneca។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងកិច្ចប្រជុំកំពូល និងអាហារថ្ងៃត្រង់នៅមហាសាលប្រជាជនដែលអូសបន្លាយពេលប្រហែល ៣ម៉ោង លោក ស្តារមឺរ បានលើកឡើងពីផែនការរបស់ AstraZeneca ក្នុងការវិនិយោគទឹកប្រាក់ ១៥ពាន់លានដុល្លារនៅប្រទេសចិន ដើម្បីត្រួសត្រាយផ្លូវផលិតថ្នាំពេទ្យថ្មីៗ។ លោកបានចាត់ទុកគម្រោងនេះថាជាភស្តុតាងជាក់ស្តែងនៃផលប្រយោជន៍រួមដែលប្រទេសទាំងពីរអាចទទួលបានពីកិច្ចសហប្រតិបត្តិការ។

លោក ស៊ី ជីនពីង បានមានប្រសាសន៍ទទួលស្គាល់ថា ទំនាក់ទំនងរវាងចក្រភពអង់គ្លេស និងចិនធ្លាប់ឆ្លងកាត់ «ការឡើងចុះ» ជាច្រើនដែលមិនបម្រើផលប្រយោជន៍ភាគីណាមួយឡើយ។ ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា ចិនត្រៀមខ្លួនរួចរាល់ហើយក្នុងការអភិវឌ្ឍភាពជាដៃគូយូរអង្វែង។ លោកបានសង្កត់ធ្ងន់ថា «យើងអាចផ្តល់លទ្ធផលដែលអាចឆ្លងកាត់ការសាកល្បងនៃប្រវត្តិសាស្ត្រ»។

ក្រៅពីបញ្ហាសេដ្ឋកិច្ច សន្តិសុខ និងសង្គ្រាមនៅអ៊ុយក្រែន មេដឹកនាំទាំងពីរក៏បានជជែកលេងអំពីកីឡាបាល់ទាត់ និងកវីនិពន្ធ Shakespeare ផងដែរ។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្ត្រីអង់គ្លេសនៅចិនក្នុងរយៈពេល ៨ឆ្នាំ ខណៈដែលប្រទេសលោកខាងលិចជាច្រើនកំពុងព្យាយាមស្វែងរកតុល្យភាពទំនាក់ទំនងជាមួយចិន ចំពោះមុខភាពមិនច្បាស់លាស់នៃនយោបាយអាមេរិកក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ៕