លោក ពូទីន ប្រាប់មេដឹកនាំ UAE ថា រុស្ស៊ីកំពុងតាមដានស្ថានការណ៍នៅអ៊ីរ៉ង់យ៉ាងដិតដល់ និងចង់ពិភាក្សាអំពីបញ្ហានេះ (Video inside)
29-01-2026 20:33
(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានប្រាប់ប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម (UAE) ព្រះអង្គម្ចាស់ ម៉ូហាម៉ាត់ ណាហ្សាន (Mohammed bin Zayed Al Nahyan) នៅថ្ងៃព្រហស្បតិ៍នេះថា រុស្ស៊ីកំពុងតាមដានស្ថានការណ៍នៅអ៊ីរ៉ង់យ៉ាងដិតដល់ និងមានបំណងចង់ពិភាក្សាអំពីបញ្ហានេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងជំនួបនៅវិមានក្រឹមឡាំង លោក ពូទីន បានលើកឡើងពីបញ្ហានេះជាមួយមេដឹកនាំ UAE ដែលប្រទេសរបស់លោកទើបតែបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែនកាលពីពេលថ្មីៗនេះ។
មុននេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បានបញ្ជាក់ថា ឱកាសសម្រាប់កិច្ចចរចារវាងអាមេរិក និងអ៊ីរ៉ង់នៅតែមាន ហើយបានព្រមានថា ការប្រើប្រាស់កម្លាំងយោធាណាមួយប្រឆាំងនឹងទីក្រុងតេហេរ៉ង់ អាចនឹងបង្កឱ្យមាន «ភាពវឹកវរ» និងផលវិបាកដ៏គ្រោះថ្នាក់នៅក្នុងតំបន់។
គួរបញ្ជាក់ថា ការព្រមាននេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ឱសានវាទឱ្យអ៊ីរ៉ង់ចូលតុចរចាលើអាវុធនុយក្លេអ៊ែរ បើមិនដូច្នេះទេនឹងប្រឈមមុខនឹងការវាយប្រហារ៕






