មេដឹកនាំតៃវ៉ាន់ ថាការប្រើកម្លាំងនឹងមិនអាចនាំមកនូវសន្តិភាពពិតប្រាកដឡើយ (Video inside)

30-01-2026 14:37

(តៃប៉ិ)៖ ក្នុងលិខិតមួយផ្ញើទៅកាន់សម្តេចសង្ឃកាតូលិក ប៉ាប លេអូ មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te បានលើកឡើងថា ការប៉ុនប៉ងណាមួយដើម្បីផ្លាស់ប្តូរស្ថានភាពដើមរបស់ដែនកោះនេះ ដោយប្រើប្រាស់កម្លាំង ឬការសម្លុតគំរាម នឹងមិនអាចនាំមកនូវ​សន្តិភាពិតប្រាកដបានឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦។

ក្នុងលិខិតសរសេរទៅកាន់សម្តេចប៉ាប ឆ្លើយតបសារនៃទិវាសន្តិភាពអន្តរជាតិ កាលពីថ្ងៃទី១ ខែមករា របស់សម្តេច លោក Lai បានអះអាងថា រូបលោកតែងតែសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា ប្រជាធិបតេយ្យ សន្តិភាព និងវិបុលភាព គឺជាមាគ៌ាជាតិរបស់តៃវ៉ាន់ ហើយក៏ជាតំណភ្ជាប់របស់តៃវ៉ាន់ជាមួយពិភពលោកផងដែរ។ លោក Lai បានបន្តថា ចំពោះមុខការសម្លុតគំរាមទាំងផ្នែកនយោបាយ និងយោធាអស់រយៈពេលជាយូរមកហើយ តៃវ៉ាន់តែងតែជ្រើសរើសការពារសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់ តាមរយៈសកម្មភាពរឹងមាំ ដែលជាសម្តីហាក់ចង់សំដៅលើចិន ហើយលោកបានបន្ថែមជាចុងក្រោយថា រូបលោកជឿជាក់យ៉ាងមុតមាំថា ការប៉ុនប៉ងណាមួយ ដើម្បីកែប្រែស្ថានភាពដើមរបស់តៃវ៉ាន់ តាមរយៈការប្រើកម្លាំងឬការសម្លុតគំរាម មិនអាចនាំមកនូវសន្តិភាពពិតប្រាកដទេ។

គួរបញ្ជាក់ថា យោធាចិនធ្វើប្រតិបត្តិការនៅក្បែរកោះតៃវ៉ាន់ជារៀងរាល់ថ្ងៃ ដែលរដ្ឋាភិបាលទីក្រុងតៃប៉ិយល់ឃើញថា ជាយុទ្ធនាការ​ដាក់សម្ពាធនិងធ្វើទុក្ខបុកម្នេញមកលើខ្លួន។ ចិនបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់ខ្លួន នៅជុំវិញដែនកោះនេះ កាលពីចុងខែធ្នូ ឆ្នាំមុន។ បុរីវ៉ាទីកង់ស្ថិតក្នុងចំណោមប្រទេសនៅសល់តែ១២ប៉ុណ្ណោះ ដែលបន្តរក្សាទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ និងតែមួយគត់នៅអឺរ៉ុប ប៉ុន្តែវ៉ាទីកង់ក៏បានធ្វើការ ដើម្បីជំរុញឱ្យទំនាក់ទំនងប្រសើរឡើងជាមួយទីក្រុងប៉េកាំង ផងដែរ៕