សំដៅលើលោក ត្រាំ ប្រមុខ UN ថាបញ្ហាពិភពលោកមិនអាចដោះស្រាយ ដោយប្រទេសមហាអំណាចមួយជាអ្នកសម្រេចគ្រប់យ៉ាងឡើយ (Video inside)

30-01-2026 15:03

(យូអិន)៖ នាថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បាននិយាយថា បញ្ហាពិភពលោក នឹងមិនអាចដោះស្រាយដោយប្រទេសមហាអំណាចមួយ ដើរតួជាអ្នកសម្រេចគ្រប់បែបយ៉ាង ឬដោយការបែងចែកពិភពលោក ទៅជាបក្ខពួកប្រជែងគ្នានោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Guterres បានថ្លែងដូចខាងលើទៅកាន់ក្រុមអ្នកកាសែត នាឱកាសនៃការចាប់ផ្តើមឆ្នាំទី១០ និងជាឆ្នាំចុងក្រោយ នៃអាណត្តិរបស់លោកក្នុងនាមជាប្រមុខ UN។ ក្រុមប្រឹក្សាសន្តិសុខ UN នឹងជ្រើសរើសអ្នកបន្តវេនពីលោក នៅក្នុងឆ្នាំនេះ។ លោក Guterres បាននិយាយយ៉ាងដូច្នេះថា «បញ្ហាសកលនឹងមិនអាចដោះស្រាយ ដោយប្រទេសមហាអំណាចមួយ ដើរតួនាជាអ្នកសម្រេចគ្រប់យ៉ាងទេ» ហើយលោកបានបញ្ជាក់ថា សម្តីនេះគឺចង់សំដៅលើសហរដ្ឋអាមេរិក។ លោកអគ្គលេខាធិការ UN ក៏បានបន្ថែមដែរថា ដូចគ្នាបញ្ហាទាំងនោះ ក៏នឹងមិនអាចដោះស្រាយ ដោយមហាអំណាចពីរ ខណ្ឌចែកពិភពលោកទៅជាដែនឥទ្ធិពលរៀងៗខ្លួន ដើម្បីប្រជែងគ្នានោះដែរ ដោយលោកចង់សំដៅលើអាមេរិកនិងចិន។

ការអត្ថាធិប្បាយរបស់លោក Guterres កើតមានឡើងមួយសប្តាហ៍ បន្ទាប់ពីលោក ត្រាំ បានបង្កើតក្រុមប្រឹក្សាសន្តិភាព ឬ Board of Peace ដែលមានគោលដៅ ដោះស្រាយបញ្ហាជម្លោះសកល ហើយបង្កឱ្យមានក្តីបារម្ភថា វាអាចនឹងធ្វើការប្រជែងជាមួយ UN។ UN កំពុងប្រឈមមុខជាមួយវិបត្តិថវិកា ដោយសារម្ចាស់វិភាគទានធំបំផុតរបស់ខ្លួន គឺសហរដ្ឋអាមេរិក បានកាត់បន្ថយជំនួយ​សម្រាប់ទីភ្នាក់ងាររបស់ UN ហើយមិនព្រមបង់ប្រាក់កាតព្វកិច្ច សម្រាប់កញ្ចប់ថវិកាទូទៅ និងកញ្ចប់ថវិកាបេសកកម្មរក្សាសន្តិភាព របស់ UN។ កាលពីខែមីនា ឆ្នាំ២០២៥ លោក Guterres បានបង្កើតក្រុមការងារកំណែទម្រង់ ហៅថា UN80 ដែលមានភារកិច្ច​សិក្សាការកាត់បន្ថយការចំណាយ និងបង្កើនប្រសិទ្ធភាពធ្វើការរបស់ UN៕