លោក ត្រាំ គំរាមយកពន្ធគយលើយន្តហោះរបស់កាណាដា ក្រោយកាណាដាមិនទទួលស្គាល់យន្តហោះរបស់ក្រុមហ៊ុនអាមេរិក (Video inside)
30-01-2026 15:39
(វ៉ាស៉ីនតោន)៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានឱ្យដឹងថា សហរដ្ឋអាមេរិក បានដកអាជ្ញាប័ណ្ណយន្តហោះពាណិជ្ជកម្ម Bombardier Global Express ហើយអាចនឹងយកពន្ធនាំចូល ៥០ភាគរយ លើយន្តហោះផ្សេងទៀតដែលផលិតនៅកាណាដា រហូតដល់និយតកររបស់ប្រទេសនេះ ផ្តល់ការទទួលស្គាល់សុវត្ថិភាពចំពោះយន្តហោះរបស់ក្រុមហ៊ុនអាមេរិក Gulfstream។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ ២០២៦។
លោក ត្រាំ ចោទប្រកាន់ថា កាណាដាបានផ្តល់ការទទួលស្គាល់ផ្នែកសុវត្ថិភាពចំពោះ យន្តហោះពាណិជ្ជកម្ម Gulfstream ធុន ៥០០, ៦០០, ៧០០ និង ៨០០។ ជុំវិញករណីនេះ លោក ត្រាំ បានសរសេរលើបណ្តាញសង្គម Truth Social ដូច្នេះថា «ប្រសិនបើ ស្ថានភាពនេះមិនត្រូវបានកែតម្រូវភ្លាមៗទេនោះ ខ្ញុំនឹងគិតថ្លៃពន្ធ ៥០ភាគរយពីកាណាដា លើយន្តហោះណាមួយ ឬទាំងអស់ដែលត្រូវលក់មកឱ្យសហរដ្ឋអាមេរិក»។
គួរបញ្ជាក់ថា ការប្រកាសពីចំណាត់ការថ្មីនេះ កើតមានឡើងចំពោះមុខភាពតានតឹងកាន់តែខ្លាំង រវាងសហរដ្ឋអាមេរិក និងកាណាដា បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី Mark Carney បានជំរុញឱ្យប្រទេសនានា ទទួលយកតែសណ្តាប់ធ្នាប់ពិភពលោក ដែលផ្អែកលើច្បាប់ប៉ុណ្ណោះ។ លោក Carney ក៏កំពុងជំរុញការធ្វើពិពិធកម្មពាណិជ្ជកម្ម ដើម្បីចៀសឆ្ងាយពីសហរដ្ឋអាមេរិក ដែលរ៉ាប់រងប្រហែល ៧០ភាគរយនៃការនាំចេញសរុបរបស់កាណាដា ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិក-ម៉ិកស៉ិក-កាណាដាផងដែរ៕







