American Airlines កំពុងពិចារណាបើកជើងហោះហើរ ទៅកាន់វ៉េណេស៊ុយអេឡា ក្រោយអាមេរិកលុបចោលការបិទខ្ទប់ដែនអាកាស (Video inside)

30-01-2026 16:11

(វ៉ាស៉ីនតោន)៖ ក្រុមហ៊ុនអាកាសចរណ៍ American Airlines បានប្រកាសពីផែនការបើកជើងហោះហើរ ទៅកាន់ប្រទេសវ៉េណេស៊ុយអេឡាឡើងវិញ ជាលើកដំបូងក្នុងរយៈពេលជាង ៦ឆ្នាំ ហើយកំពុងរង់ចាំការសម្រេចពីរដ្ឋាភិបាល និងការវាយតម្លៃលើស្ថានភាពសន្តិសុខ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ ២០២៦។

សហរដ្ឋអាមេរិក ​បាន​បិទ​សេវាកម្មហោះហើរទៅ​​វ៉េណេស៊ុយអេឡា នៅក្នុងឆ្នាំ ២០១៩​។ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអាមេរិក លោក Sean Duffy បានចេញបញ្ជាឱ្យលុបចោលការបិទនោះ តាមការណែនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ហើយថាការបិទដែនអាកាសវ៉េណេស៊ុយអេឡា ក៏លែងចាំបាច់។

បើតាម លោក ត្រាំ មានការពិភាក្សាជាមួយប្រធានាធិបតីស្តីទី លោកស្រី Delcy Rodríguez ហើយពលរដ្ឋអាមេរិក នឹងអាចទៅវ៉េណស៊ុយអេឡាក្នុងពេលដ៏ខ្លីខាងមុខ ដោយសុខសុវត្ថិភាព។ យ៉ាងនេះក្តី ជើងហោះហើរណាមួយ ទំនងជាមិនអាចដំណើរការទៅបានទេ ក្នុងប៉ុន្មានសប្តាហ៍ ឬ ២ទៅ ៣ខែទៀត ដោយសាររដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) ត្រូវធ្វើការវាយតម្លៃ ហើយរដ្ឋបាលសន្តិសុខដឹកជញ្ជូន ក៏ទំនងជានឹងធ្វើការត្រួតពិនិត្យផ្នែកសុវត្ថិភាពផងដែរ។

ក្រុមហ៊ុនអាកាសចរណ៍ដទៃទៀត ដូចជា United Airlines បានបដិសេធនិយាយពីការបន្តជើងហោះហើរ រីឯ Delta Air Lines មិនទាន់ឆ្លើយតបចំពោះសំណើសុំការបញ្ជាក់នៅឡើយទេ៕