បទអត្ថាធិប្បាយរបស់កាសែតប្រជាជនចិន៖ គួរប្រុងប្រយ័ត្នចំពោះការងើបឡើងវិញនៃយោធានិយមជប៉ុន
30-01-2026 16:59
(ប៉េកាំង)៖ កាសែតប្រជាជនចិន បានចេញផ្សាយបទអត្ថាធិប្បាយក្រោមចំណងជើងថា គួរប្រុងប្រយ័ត្នចំពោះការងើបឡើងវិញនៃយោធានិយមជប៉ុន។ នាពេលថ្មីៗកន្លងទៅនេះ សារមន្ទីររំលឹកជនរួមជាតិ ដែលស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍សម្លាប់រង្គាលរបស់កងទ័ពជប៉ុនដែលឈ្លានពានប្រទេសចិន នៅក្រុងណានជីង បានបញ្ចេញឯកសារប្រវតិ្តសាស្ត្រនិងវត្ថុបុរាណ ដែលប្រមូលបាននៅឆ្នាំ២០២៥ ។ ក្នុងលិខិតរបស់ទាហានជប៉ុនដែលឈ្លានពានប្រទេសចិន បានសរសេរជូនចំពោះឪពុក បានពិពណ៌នាអំពីហេតុការណ៍សម្លាប់រង្គាលនៅក្រុង ណានជីងដោយទឹកចិត្តសប្បាយរីករាយដូចជាការលេងល្បែងកម្សាន ប្រការនេះបានលាតត្រដាងនូវភាពឃោរឃៅរបស់យោធានិយមដែលគ្មានមនុស្សធម៌។
នាពេលថ្មីៗកន្លងទៅនេះ បណ្ណសារអំពីការទម្លាក់គ្រាប់បែកបរិមាណូនៅក្រុង Nagasaki របស់ជប៉ុនបានលើកឡើងផែនការផ្លាស់ប្តូរការមុខមាត់នៃឯកសារសម្រាប់ដាក់តាំង ដោយចង់កែប្រែ “ហេតុការណ៍សម្លាប់រង្គាលនៅក្រុង ណានជីង”ដែលមានចារក្នុងឯកសារប្រវតិ្តសាស្ត្រ ទៅជា “ ហេតុការណ៍នៅក្រុង ណានជីង” និងកែប្រែពាក្យ “ឈ្លានពាន” ទៅជា “ការចូលទៅកាន់” ប្រការនេះបានរងការប្រឆាំងយ៉ាងដាច់ខាតពីសំណាក់អ្នកក្រុង Nagasaki មួយចំនួន។
ក្នុងឆ្នាំដ៏ពិសេសដែលជាខួបទី៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹង ការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោក ប្រឆាំងនឹងហ្វាស៊ីស ក្នុងនាមជាប្រទេសចាញ់សង្រ្គាម ជប៉ុនគួរគិតពិចារណាពីឧក្រិដ្ឋកម្មសង្គ្រាមរបស់យោធានិយម ។ ប៉ុន្តែ បុគ្គលនិងកម្លាំងមួយចំនួនរបស់ជប៉ុនបែរជាខំប្រឹងបិទបាំងនិងបំភ្លៃឧក្រិដ្ឋកម្មឈ្លានពាន រហូតដល់ចង់ឱ្យយោធានិយមងើបឡើងវិញ ។ ទង្វើដ៏ខុសឆ្គងបែបនេះ បានបំពានយ៉ាងធ្ងន់ធ្ងរដល់គំនិតឯកភាពរួមរបស់អន្តរជាតិនិងសតិសម្បជញ្ញៈរបស់មនុស្សជាតិ ហើយបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ សន្តិភាពនិងស្ថិរភាពក្នុងតំបន់និងពិភពលោកទៀតផង ដែលបានបង្កជាការសាកល្បងដ៏តានតឹង ចំពោះសណ្តាប់ធ្នាប់អន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ។
បើសិនជាជប៉ុនធ្វើតាមតែទំនើងចិត្តរបស់ខ្លួន ធ្វើខុសម្តងហើយម្តងទៀត នោះប្រទេសនិងប្រជាជនដែលផ្តួចផ្តើមសច្ចយុត្តិធម៌ទាំងអស់ សុទ្ធតែមានសិទ្ធិជម្រះបញ្ជីជាថ្មីម្តងទៀតចំពោះបទឧក្រិដ្ឋក្នុងប្រវត្តិសាស្ត្ររបស់ជប៉ុន សុទ្ធតែមានទំនួលខុសត្រូវរារាំងយ៉ាងដាច់ខាតមិនឱ្យយោធានិយមជប៉ុនងើបឡើងវិញ ។ នេះជាខ្សែបន្ទាត់ក្រហមរួមរបស់សហគមន៍អន្តរជាតិដើម្បីគាំពារសណ្តាប់ធ្នាប់អន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ហើយក៏ជាខ្សែបន្ទាត់ក្រហមជាគោលការណ៍ ដែលថាតើជប៉ុនអាចអភិវឌ្ឍដោយសន្តិភាពជាបន្តទៀតឬអត់៕
វិទ្យុមិត្តភាពកម្ពុជាចិន




