UN ព្រមានថាការរឹបអូសឧបករណ៍របស់ក្រុមហ៊ូទី កំពុងគំរាមកំហែងដល់ប្រតិបត្តិការជំនួយនៅយេម៉ែន (Video inside)
30-01-2026 22:40
(សាណា)៖ អង្គការសហប្រជាជាតិ (UN) បានចេញការព្រមានយ៉ាងធ្ងន់ធ្ងរនៅថ្ងៃសុក្រនេះថា ការដែលក្រុមប្រដាប់អាវុធហ៊ូទី (Houthi) ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ បានរឹបអូសយកឧបករណ៍ទូរគមនាគមន៍សំខាន់ៗ នឹងធ្វើឱ្យវិបត្តិមនុស្សធម៌នៅក្នុងប្រទេសយេម៉ែនកាន់តែធ្ងន់ធ្ងរឡើង និងរាំងស្ទះដល់ការផ្តល់ជំនួយសង្គ្រោះជីវិត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អ្នកសម្របសម្រួលមនុស្សធម៌ UN ប្រចាំយេម៉ែន លោក ជូលាន ហាណេស (Julien Harneis) បានបញ្ជាក់ថា ក្រុមហ៊ូទីបានចូលទៅក្នុងការិយាល័យ UN យ៉ាងហោចណាស់ ៦កន្លែងដែលគ្មានបុគ្គលិកប្រចាំការនៅរដ្ឋធានីសាណា ហើយបានយកឧបករណ៍ទាក់ទង និងយានយន្តជាច្រើនទៅកាន់ទីតាំងមិនស្គាល់។ លោកបានសង្កត់ធ្ងន់ថា «ឧបករណ៍ទាំងនេះគឺជាផ្នែកនៃហេដ្ឋារចនាសម្ព័ន្ធអប្បបរមាដែលចាំបាច់សម្រាប់ឱ្យ UN មានវត្តមាន និងអនុវត្តកម្មវិធីរបស់ខ្លួន»។
ស្ថានភាពមនុស្សធម៌នៅយេម៉ែនកំពុងដុនដាបខ្លាំង ដោយមានប្រជាជនប្រមាណ ២១លាននាក់ត្រូវការជំនួយ ខណៈ ៤.៨លាននាក់ភៀសខ្លួន និងកុមារជិតកន្លះលាននាក់ត្រូវការការព្យាបាលកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ។ បន្ថែមពីលើការរឹបអូសសម្ភារៈ UN ក៏បានសម្តែងការព្រួយបារម្ភចំពោះការរឹតបន្តឹងលើការធ្វើដំណើរ ដោយក្រុមហ៊ូទីមិនបានអនុញ្ញាតឱ្យជើងហោះហើរមនុស្សធម៌ (UNHAS) ទៅកាន់សាណាអស់រយៈពេលជាងមួយខែ និងទៅកាន់ទីក្រុងម៉ារីបជាង ៤ខែមកហើយ ដែលធ្វើឱ្យបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលមិនអាចចេញចូលតំបន់គ្រប់គ្រងដោយហ៊ូទីបាន។
គួរបញ្ជាក់ថា សុវត្ថិភាពបុគ្គលិក UN កាន់តែគួរឱ្យព្រួយបារម្ភ ដោយមានបុគ្គលិកសរុប ៧៣នាក់ត្រូវបានឃុំខ្លួនចាប់តាំងពីឆ្នាំ២០២១។ កាលពីខែកញ្ញា UN បានបង្ខំចិត្តប្តូរទីតាំងមូលដ្ឋានអ្នកសម្របសម្រួលទៅកាន់ទីក្រុង Aden បន្ទាប់ពីបុគ្គលិក ១៨នាក់ត្រូវបានចាប់ខ្លួននៅសាណា ដោយក្រុមហ៊ូទីចោទប្រកាន់ពីបទចារកម្ម៕




