អង្គការ WHO អះអាងថាហានិភ័យនៃការរីករាលដាលវីរុស Nipah គឺស្ថិតនៅកម្រិតទាប (Video inside)

31-01-2026 09:05

(ហ្សឺណែវ)៖ នាថ្ងៃសុក្រ ទី៣០ ខែមេសា មន្រ្តីអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ហានិភ័យនៃការរីករាលដាល វីរុស Nipah គឺស្ថិតនៅកម្រិតទាប ដោយមនុស្សទាំង១៩០នាក់ ដែលមានជាប់ទាក់ទងនឹងអ្នកជំងឺ២នាក់នៅឥណ្ឌា មិនបានធ្វើតេស្ត​ចេញលទ្ធផលវិជ្ជមាន ឬកើតអាការៈនៃជំងឺនេះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

សប្តាហ៍នេះ ទីក្រុងហុងកុង រួមជាមួយប្រទេសម៉ាឡេស៉ី សិង្ហបុរី ថៃ និងវៀតណាម ជាដើម ស្ថិតក្នុងចំណោមទីតាំងនៅតំបន់អាស៉ី ដែលបានរឹតបន្តឹងការត្រួតពិនិត្យលើ អ្នកដំណើរនៅតាមអាកាសយានដ្ឋាន ដើម្បីបង្ការទប់ស្កាត់លទ្ធភាពនៃការឆ្លងរាលដាលវីរុស Nipah បន្ទាប់ពីឥណ្ឌាបានប្រកាសរកឃើញអ្នកឆ្លង២នាក់ នៅក្នុងប្រទេសរបស់ខ្លួន។

មន្រ្តី WHO លោកស្រី Anais Legand បានប្រាប់សន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សឺណែវថា ហានិភ័យឆ្លងរាលដាលកម្រិតជាតិ តំបន់ និងសកល គិតត្រឹមពេលនេះត្រូវបានចាត់ទុកថា ស្ថិតនៅកម្រិតទាប ដោយអ្នកឆ្លងទាំងពីរនាក់ គឺពុំមាននរណាមួយបានធ្វើដំណើរពេលមានអាការៈជំងឺ ហើយពួកគេកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងនៅមានជីវិត មិនតែប៉ុណ្ណោះ​ម្នាក់បានបង្ហាញសញ្ញាប្រសើរឡើងថែមទៀត។ បើតាមលោកស្រី Legand WHO កំពុងរង់ចាំឱ្យ​ឥណ្ឌាចែករំលែកព័ត៌មាននៃទម្រង់ហ្សែនរបស់វីរុស ដើម្បីវាយតម្លៃថាតើ វាអាចនឹងមានការបំប្លែងឬវិវត្តកែប្រែទៅមុខទៀតដែរឬអត់ ប៉ុន្តែនាពេលនេះ ពុំមានភស្តុតាងជាក់លាក់អ្វី ដែលនឹងធ្វើឱ្យត្រូវព្រួយបារម្ភខ្លាំងនោះទេ។

គួរបញ្ជាក់ថា វីរុស Nipah ត្រូវបានផ្ទុកដោយសត្វប្រចៀវស៉ីផ្លែឈើ និងសត្វមួយចំនួនទៀតដូចជាសត្វជ្រូក ហើយអាចឆ្លងមកមនុស្ស។ វីរុសនេះអាចបង្កអាការៈគ្រុនក្តៅ និងរលាកខួរក្បាល ហើយវាមានលទ្ធភាពបណ្តាលឱ្យអ្នកជំងឺបាត់បង់ជីវិតបាន ក្នុងអត្រាចន្លោះ៤០% ទៅ៧៥%។ បច្ចុប្បន្នវីរុស ​Nipah ពុំមានថ្នាំព្យាបាលជាក់លាក់ទេ ហើយវ៉ាក់សាំងដែលស្ថិតក្នុងការអភិវឌ្ឍន៍ កំពុងត្រូវបានបន្តធ្វើតេស្តនៅឡើយ៕