UN រាយការណ៍ថា ជនស៉ីវិលយ៉ាងហោច១៧០នាក់ស្លាប់ ក្នុងការវាយប្រហារតាមអាកាស អំឡុងរយៈពេលបោះឆ្នោតនៅមីយ៉ាន់ម៉ា (Video inside)
31-01-2026 11:52
(ហ្សឺណែវ)៖ នាថ្ងៃសុក្រ ទី៣០ ខែមករា អង្គការសហប្រជាជាតិ (UN) បានរាយការណ៍ថា ជនស៉ីវិលយ៉ាងហោចណាស់១៧០នាក់ ត្រូវបានសម្លាប់ដោយសារតែការវាយប្រហារតាមផ្លូវអាកាស សរុបជាង៤០០លើក របស់រដ្ឋាភិបាលយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា អំឡុងរយៈពេលជិត២ខែ ជុំវិញការបោះឆ្នោតសកលដែលបានប្រព្រឹត្តទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ការបោះឆ្នោតសកលនៅមីយ៉ាន់ម៉ា ដែលជាលើកដំបូងគិតចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ២០២១ ត្រូវបានរៀបចំឡើងជា៣ដំណាក់កាល និងបានបញ្ចប់ជាស្ថាពរកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន ក្រោយប្រព្រឹត្តទៅរយៈពេលខ្ទង់មួយខែ។ ការបោះឆ្នោតនោះ បានរងការរិះគន់ពីអន្តរជាតិថា គ្រាន់តែជាឧបករណ៍សម្រាប់ផ្លាស់ប្តូរមុខមាត់ថ្មីនៃរបបសឹកប៉ុណ្ណោះ ដ្បិតគណបក្សដែលគាំទ្រដោយយោធា ត្រូវបានប្រកាសជាអ្នកទទួលជ័យជម្នះ។
ការិយាល័យសិទ្ធិមនុស្សរបស់ UN បានឱ្យដឹងថា តាមប្រភពជឿជាក់ដែលខ្លួនទទួលបាន គឺមានជនស៉ីវិលយ៉ាងហោច១៧០នាក់ បានបាត់បង់ជីវិត ក្នុងការវាយប្រហារតាមអាកាសរបស់យោធាសរុបប្រហែល៤០៨លើក អំឡុងចន្លោះពេលជិត២ខែ គិតចាប់តាំងពីដើមខែធ្នូ ឆ្នាំមុន ហើយការវាយប្រហារខ្លះ ត្រូវបានធ្វើឡើងទាំងនៅក្នុងថ្ងៃបោះឆ្នោតផ្ទាល់ថែមទៀតផង។
គួរបញ្ជាក់ថា បើតាម UN ឆ្នាំ២០២៥ ត្រូវបានចាត់ទុកជាឆ្នាំដែលមានជនស៉ីវិលស្លាប់ច្រើនជាងគេ ដោយសារការវាយប្រហារតាមអាកាស ធៀបនឹងឆ្នាំផ្សេងទៀតចាប់តាំងពីឆ្នាំ២០២១មក៕






