អ៉ីរ៉ង់ថាសមត្ថភាពការពារជាតិ មិនអាចដាក់លើតុចរចាជាដាច់ខាត (Video inside)

31-01-2026 14:08

(អ៉ីស្តង់ប៊ុល)៖ នាថ្ងៃសុក្រ ទី៣០ ខែមករា ប្រមុខការទូតអ៉ីរ៉ង់បាននិយាយថា សមត្ថភាពមីស៉ីលនិងការពារជាតិនៃប្រទេសរបស់លោក នឹងមិនអាចយកទៅដាក់នៅលើតុចរចាដាច់ខាត ស្របពេលដែលភាពតានតឹងកើនឡើងជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ទីក្រុងតេហេរ៉ង់និងទីក្រុងវ៉ាស៉ីនតោន បានព្រមានគ្នាទៅវិញទៅមក ចាប់តាំងពីប្រធានាធិបតីអាមេរិក ដំបូងឡើយបានគំរាមធ្វើអន្តរាគមន៍យោធា ជុំវិញការបង្រ្កាបបាតុកម្មដ៏សាហាវ កាលពីពេលថ្មីៗនេះ ហើយបានបញ្ជូនកងនាវាផ្ទុកយន្តហោះចម្បាំង មកកាន់តំបន់មជ្ឈិមបូព៌ា។

យ៉ាងណាមិញ កាលពីថ្ងៃព្រហស្បតិ៍ លោក ត្រាំ ហាក់បានបន្ថយកម្តៅភាពតានតឹងបន្តិចវិញ តាមរយៈការនិយាយថា រូបលោកសង្ឃឹម​នឹងអាចចៀសវាងធ្វើសកម្មភាពយោធា ហើយលោកបើកចំហចំពោះការចរចាជាមួយអ៉ីរ៉ង់ ពាក់ព័ន្ធកម្មវិធីនុយក្លេអ៊ែរ។

អំឡុងទស្សនកិច្ចនៅតួកគីយ៉េ រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi បាននិយាយថា ទីក្រុងតេហេរ៉ង់​ ត្រៀមជាស្រេច​ដើម្បីចាប់ផ្តើមការចរចា ប្រសិនបើវាប្រព្រឹត្តទៅដោយឈរលើគោលការណ៍ស្មើភាពគ្នា ផ្តល់ផលប្រយោជន៍រួម និងមានការគោរពទៅវិញទៅមក។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា សមត្ថភាពការពារជាតិនិងមីស៉ីលរបស់អ៉ីរ៉ង់ មិនអាចក្លាយជាប្រធានបទសម្រាប់ចរចាដាច់ខាត។

បើតាមសេចក្តីរាយការណ៍កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ របស់សារព័ត៌មានអនឡាញអាមេរិក Axios ក្រុមមន្រ្តីអាមេរិកប្រកាន់ជំហរថា កិច្ចព្រមព្រៀងណាមួយជាមួយទីក្រុងតេហរ៉ង់ នឹងរួមមានលក្ខខណ្ឌកំណត់ចំនួនមីស៉ីលរយៈចម្ងាយឆ្ងាយរបស់អ៉ីរ៉ង់ ព្រមទាំងដករហូតសារធាតុអ៊ុយរ៉ាញ៉ូមដែលត្រូវចម្រាញ់ ចេញពីប្រទេសអ៉ីរ៉ង់ ហើយហាមឃាត់អ៉ីរ៉ង់មិនឱ្យចម្រាញ់សារធាតុនោះ ដោយឯករាជ្យ។

រដ្ឋមន្រ្តីការបរទេសតួកគីយ៉េ លោក Hakan Fidan ដែលមានវត្តមានអំឡុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយលោក Araghchi បានលើកឡើងថា ការចាប់ផ្តើមកិច្ចចរចាឡើងវិញរវាងទីក្រុងតេហេរ៉ង់និងទីក្រុងវ៉ាស៉ីនតោន ជុំវិញកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ គឺមានសារសំខាន់ជាខ្លាំង ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅក្នុងតំបន់។ តួកគីយ៉េបាននិងកំពុងព្យាយាមជំរុញកិច្ចប្រឹងប្រែងការទូត ដើម្បីជួយ​សម្របសម្រួលរវាងអ៉ីរ៉ង់និងអាមេរិក៕