អាមេរិកអនុម័តគម្រោងលក់សព្វាវុធតម្លៃរាប់ពាន់លានដុល្លារ ឱ្យអារ៉ាប៊ីសាអ៊ូឌីតនិងអ៉ីស្រាអែល

31-01-2026 15:48

(វ៉ាស៉ីនតោន)៖ នាថ្ងៃសុក្រ ទី៣០ ខែមករា មន្ទីរបញ្ចកោណបានឱ្យដឹងថា ក្រសួងការបរទេសអាមេរិកបានអនុម័តគម្រោងសព្វាវុធ គិតជាទឹកប្រាក់សរុបលើស១០ពាន់លានដុល្លារ ឱ្យទៅប្រទេសអារ៉ាប៊ីសាអូឌីតនិងអ៉ីស្រាអែល។ បើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

មន្ទីរបញ្ចកោណបាននិយាយថា ក្រសួងការបរទេសបានអនុម័តគម្រោងលក់មីស៉ីលនិងសម្ភារពាក់ព័ន្ធ នៃប្រព័ន្ធខែលការពារដែនអាកាស Patriot ឱ្យអារ៉ាប៊ីសាអូឌីត ក្នុងតម្លៃខ្ទង់៩ពាន់លានដុល្លារ បន្ទាប់ពីទីក្រុងរីយ៉ាដបានស្នើទិញមីស៉ីល PAC-3 MSE សរុបចំនួន ៧៣០គ្រាប់។

ជាមួយគ្នានោះ ក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែក មន្ទីរបញ្ចកោណបានប្រកាសថា ក្រសួងការបរទេសអាមេរិក ក៏បានអនុម័តផងដែរ ចំពោះ​គម្រោងលក់រថយន្តប្រយុទ្ធ JLTV និងសម្ភារពាក់ព័ន្ធ ក្នុងតម្លៃ១.៩៨ពាន់លានដុល្លារ ព្រមទាំងឧទ្ធម្ភាគចក្រ AH-64E Apache ក្នុងតម្លៃ​៣.៨ពាន់លានដុល្លារ ឱ្យទៅអ៉ីស្រាអែល។

មន្ទីរបញ្ចកោណបានគូសបញ្ជាក់ថា គម្រោងលក់សព្វាវុធទាំងនេះ ​នឹងមិនផ្លាស់ប្តូរតុល្យភាពយោធានៅក្នុងតំបន់មជ្ឈិមបូព៌ា ឬជះផលប៉ះពាល់អវិជ្ជមានណាមួយ ចំពោះសមត្ថភាពត្រៀមលក្ខណៈរបស់យោធាអាមេរិកឡើយ៕