អាមេរិក ដាក់ទណ្ឌកម្មលេីរដ្ឋមន្រ្តីមហាផ្ទៃអ៉ីរ៉ង់ និងអ្នកជំនួញអ៉ីរ៉ង់ម្នាក់ (Video inside)

31-01-2026 19:41

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រ ទី៣០ ខែមករា សហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីមហាផ្ទៃអ៉ីរ៉ង់ លោក Eskandar Momeni និងអ្នកជំនួញម្នាក់ដោយចោទប្រកាន់ពួកគេថាបានជួយលាងលុយឱ្យទីក្រុងតេហេរ៉ង់ ខណៈដែលរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ កំពុងបង្កើនសម្ពាធលើប្រទេសនេះ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រសួងហិរញ្ញវត្ថុអាមេរិក បានឱ្យដឹងថា​ លោក Momeni ត្រូវទទួលខុសត្រូវចំពោះការបង្ក្រាបសម្លាប់បាតុករក្នុងប្រទេសអ៉ីរ៉ងនៅក្នុងខែនេះ ហេីយមន្ត្រីសន្តិសុខអ៉ីរ៉ង់ ៥នាក់ផ្សេងទៀតត្រូវរងនូវទណ្ឌកម្ម​ ពាក់ព័ន្ធនឹងការគាបសង្កត់ប្រជាជនអ៉ីរ៉ង់ដោយហិង្សា។

ដោយឡែក​ អ្នកជំនួញ លោក Babak Zanjani និងក្រុមហ៊ុនជួញដូរចំនួនពីរដែលចុះបញ្ជីនៅចក្រភពអង់គ្លេស ក៏ស្ថិតក្នុងបញ្ជីទណ្ឌកម្មកាលពីថ្ងៃសុក្រនេះដែរ ដោយក្រសួងហិរញ្ញវត្ថុអាមេរិកចោទប្រកាន់ថាបានផ្តល់មូលនិធិទៅឱ្យកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បាននិយាយថា សហរដ្ឋអាមេរិកនឹងបន្តកំណត់គោលដៅឥស្សរជនអ៉ីរ៉ង់ និងបណ្តាញរបស់ពួកគេដែលព្យាយាមជួយដល់ការគេចវេះពីទណ្ឌកម្ម និងធ្វេីប្រតិបត្តិការហិរញ្ញវត្ថុឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៉ីនធឺណេត៕