អ្នកស្រុកនាំគ្នាជម្លៀសចេញពីតំបន់ជ្រលងភ្នំប្រទេសប៉ាគីស្ថាន ជាប់ព្រំប្រទល់ប្រទេសអាហ្វហ្កានីស្ថាន ដោយសំអាងថាមានការព្រមានអំពីសកម្មភាពយោធា (Video inside)
31-01-2026 21:24
(Baka, Karachi)៖ អ្នកស្រុកនិយាយថា មនុស្សរាប់ម៉ឺននាក់បានភៀសខ្លួនចេញពីតំបន់ភ្នំដាច់ស្រយាលមួយនៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន ក្នុងប៉ុន្មានសប្តាហ៍ថ្មីមកនេះ បន្ទាប់ពីមានការព្រមានពីវិហារអ៉ីស្លាមមួយនៅទីនោះ ថាអាចនឹងសកម្មភាពយោធាប្រឆាំងក្រុមសកម្មប្រយុទ្ធ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ ២០២៦។
អ្នកស្រុកនៅជ្រលងភ្នំ Tirah ក្នុងខេត្ត Khyber Pakhtunkhwa ប្រទេសប៉ាគីស្ថាន ដែលមានព្រំប្រទល់ជាប់ប្រទេសអាហ្វហ្គានីស្ថាន បាននិយាយថា ពួកគេបានរើចេញទៅកាន់ទីក្រុងក្បែរៗនោះ បើទោះបីជាមានព្រិលធ្លាក់ខ្លាំង និងសីតុណ្ហភាពរដូវរងាត្រជាក់ខ្លាំងក៏ដោយ។
ជ្រលងភ្នំ Tirah គឺជាតំបន់សន្តិសុខដ៏រសើបតាំងពីយូរយារណាស់មកហើយ និងជាបន្ទាយរឹងមាំសម្រាប់ ក្រុមសកម្មប្រយុទ្ធ Tehrik-e-Taliban Pakistan ដែលធ្លាប់ធ្វើការវាយប្រហារលើកងកម្លាំងសន្តិសុខប៉ាគីស្ថាន។
រដ្ឋាភិបាលប៉ាគីស្ថាន មិនបានប្រកាសឱ្យពលរដ្ឋជម្លៀសខ្លួន ឬប្រតិបត្តិការយោធាណាមួយដែលបានគ្រោងទុកនោះទេ។ កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន លោក Khawaja Muhammad Asif បាននិយាយថា ចលនារបស់អ្នកស្រុកនៅតំបន់ Tirah គឺជាការធ្វើចំណាកស្រុកធម្មតាតាមរដូវកាល ដែលជំរុញដោយលក្ខខណ្ឌរដូវរងាដ៏អាក្រក់។
យ៉ាងនេះក្តី បេីតាមប្រភពយោធាប៉ាគីស្ថានម្នាក់ ការផ្លាស់ទីលំនៅបានធ្វើឡើងបន្ទាប់ពីមានការពិគ្រោះយោបល់ជាច្រើនខែ ក្នុងចំណោមពួកព្រឹទ្ធាចារ្យកុលសម្ព័ន្ធ មន្ត្រីសង្កាត់ និងអាជ្ញាធរសន្តិសុខ ជុំវិញវត្តមានរបស់ក្រុមសកម្មប្រយុទ្ធនៅទីក្រុង Tirah ដែលពួកគេនិយាយថាកំពុងបន្លំជាប្រជាជនស៉ីវិល និងមានការគាបសង្កត់អ្នកស្រុក៕





