អង់គ្លេស និងជប៉ុន យល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការលេីវិស័យការពាជាតិ និងសន្តិសុខ (Video inside)
31-01-2026 23:18
(តូក្យូ)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានឱ្យដឹងនាថ្ងៃសៅរ៍នេះថា អង់គ្លេស និងជប៉ុនព្រមព្រៀងគ្នាពង្រឹងទំនាក់ទំនងការពារជាតិ និងសេដ្ឋកិច្ច ដែលជាកិច្ចប្រឹងប្រែងមួយទៀតរបស់លោក បន្ទាប់ពីបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយចិន។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ ២០២៦។
លោក Starmer កត់សម្គាល់ថា ជប៉ុន និងចក្រភពអង់គ្លេស គឺជាប្រទេសដែលមានសេដ្ឋកិច្ចនាំមុខគេនៅក្នុងអន្តរប៉ាស៊ីហ្វិក ដែលរួមមានសមាជិក G7 របស់ប្រទេសកាណាដា ក៏ដូចជាកតិកាសញ្ញាពាណិជ្ជកម្ម និងការពារជាតិអន្តរជាតិផ្សេងទៀត។
លោក Starmer បានបញ្ជាក់ក្រោយជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi ថាយើងបានដាក់ចេញនូវអាទិភាពច្បាស់លាស់មួយ ដើម្បីកសាងភាពជាដៃគូកាន់តែស៉ីជម្រៅនៅក្នុងឆ្នាំខាងមុខ ដែលរួមបញ្ចូលទាំងការធ្វើការរួមគ្នា ដើម្បីពង្រឹងសន្តិសុខសមូហភាព នៅទូទាំង Euro-Atlantic និងនៅឥណ្ឌូប៉ាស៉ីហ្វិក។
ចំណែក លោកស្រី Takaichi បាននិយាយថា នឹងមានការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស និងការពារជាតិអង់គ្លេស និងជប៉ុនក្នុងឆ្នាំនេះ។ លោកស្រីក៏ចង់ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការសម្រេចបាននូវតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបេីកចំហរ ស្ថានការណ៍មជ្ឈិមបូព៌ា និងអ៊ុយក្រែនផងដែរ នៅពេលទទួលទានអាហារពេលល្ងាចជាមួយ លោក Starmer។
គួរបញ្ជាក់ថា លោក Starmer បានទៅដល់ទីក្រុងតូក្យ មួយថ្ងៃបន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃនៅក្នុងប្រទេសចិន ជាទីដែលលោកបានដើរតាមគន្លងរបស់មេដឹកនាំលោកខាងលិចផ្សេងទៀត ដែលកំពុងរកវិធីទប់ទល់នឹងភាពប្រែប្រួលរបស់សហរដ្ឋអាមេរិក៕




