លោក ត្រាំ៖ ឥណ្ឌានឹងទិញប្រេងពីវ៉េណេស៊ុយអេឡា មិនមែនអ៉ីរ៉ង់ទេ (Video inside)

01-02-2026 12:13

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ ទី៣១ ខែមករា បាននិយាយថាឥណ្ឌានឹងទិញប្រេងពីវ៉េណេស៊ុយអេឡា មិនមែនទិញប្រេងពីអ៉ីរ៉ង់នោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One ក្នុងដំណើរចេញពីរដ្ឋផ្ល័ររីដា ឆ្ពោះទៅកាន់ទីក្រុងវ៉ាស៊ីនតោន លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «យើងបានព្រមព្រៀងគ្នា រួចហើយលើកិច្ចព្រមព្រៀងបែបនេះ»។ ការអត្ថាធិប្បាយរបស់លោក ត្រាំ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីមានសេចក្ដីរាយការណ៍ថាសហរដ្ឋអាមេរិកបានប្រាប់ទីក្រុងញូវដែលីថាអាចចាប់ផ្ដើម ទិញប្រេងឡើងវិញពីវ៉េណេស៊ុយអេឡាក្នុងពេលឆាប់ៗដើម្បីជំនួសឱ្យការនាំចូលប្រេងពីរុស្ស៉ី។

កិច្ចប្រឹងប្រែងរបស់ក្រុមមន្ត្រីអាមេរិកដើម្បីផ្គត់ផ្គង់ប្រេងឆៅវ៉េណេស៊ុយអេឡាទៅឱ្យឥណ្ឌា កើតមានឡើងចំពេលសហរដ្ឋអាមេរិកកំពុងខ្នះខ្នែងកាត់បន្ថយចំណូលបានពីការលក់ប្រេងដែលរុស្ស៉ីយក ទៅផ្គត់ផ្គង់សង្រ្គាមឈ្លានពានអ៊ុយក្រែន។ លោក ត្រាំបានដំឡើងពន្ធគយ២៥ភាគរយលើបណ្ដាប្រទេសទិញប្រេងពីវ៉េណេស៊ុយអេឡា ក្នុងនោះរួមមានឥណ្ឌា កាលពីខែមីនា ឆ្នាំ២០២៥។ លោក ត្រាំកាលពីថ្ងៃសៅរ៍បាននិយាយថាចិនក៏នឹងត្រូវបានស្វាគមន៍ក្នុងការចុះកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកដើម្បីទិញប្រេងពីវ៉េណេស៊ុយអេឡាផងដែរ៕