លោក ហ្សេលេនស្គី៖ កិច្ចចរចាត្រីភាគីថ្មីជាមួយរុស្ស៊ី និងអាមេរិក នឹងធ្វើឡើងនៅអាប៊ូដាប៊ី ដើមខែកុម្ភៈ (Video inside)

01-02-2026 19:07

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រកាសនៅថ្ងៃអាទិត្យនេះថា ជុំថ្មីនៃកិច្ចចរចាត្រីភាគីរវាងអ៊ុយក្រែន និងរុស្ស៊ី ក្រោមការសម្របសម្រួលរបស់សហរដ្ឋអាមេរិក នឹងប្រព្រឹត្តទៅនៅទីក្រុងអាប៊ូដាប៊ី នៅថ្ងៃទី៤ និងទី៥ ខែកុម្ភៈ។ នេះបើតាមការចេញផ្សាយ​​ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ហ្សេលេនស្គី បានសរសេរនៅលើបណ្តាញសង្គម X ថា «ក្រុមចរចារបស់យើងទើបតែបានផ្តល់របាយការណ៍។ កាលបរិច្ឆេទសម្រាប់កិច្ចប្រជុំបីភាគីបន្ទាប់ត្រូវបានកំណត់ហើយ គឺថ្ងៃទី៤ និង ៥ ខែកុម្ភៈ នៅអាប៊ូដាប៊ី»

លោកបានបញ្ជាក់ថា អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេចសម្រាប់ការពិភាក្សាដ៏ស៊ីជម្រៅ និងមានបំណងធានាថាលទ្ធផលនៃកិច្ចប្រជុំនេះនឹងនាំឱ្យខិតកាន់តែជិតទៅរកការបញ្ចប់សង្គ្រាមប្រកបដោយកិត្តិយស និងពិតប្រាកដ៕