អាល្លឺម៉ង់ថាបន្តស្ថិតនៅកៀកអាមេរិកជាងចិន ទោះមួយរយៈចុងក្រោយមានភាពតានតឹងក៏ដោយ (Video inside)

02-02-2026 15:08

(សិង្ហបុរី)៖ នាថ្ងៃចន្ទ ទី២ ខែកុម្ភៈ រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul បាននិយាយថា ប្រទេសអាល្លឺម៉ង់ នៅតែស្ថិតកៀកសហរដ្ឋអាមេរិក បើធៀបជាមួយនឹងចិន ទោះបីមួយរយៈចុងក្រោយនេះ មានភាពតានតឹងក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

អំឡុងព្រឹត្តិការណ៍មួយរៀបចំដោយវិទ្យាស្ថាន International Institute for Strategic Studies នៅឯប្រទេសសិង្ហបុរី លោក Wadephul បានលើកឡើងថា សហរដ្ឋអាមេរិក នៅតែជាដៃគូដ៏សំខាន់បំផុតសម្រាប់អឺរ៉ុបនិងអាល្លឺម៉ង់ ហើយអឺរ៉ុបនៅតែពឹងផ្អែកលើ​ទីក្រុងវ៉ាស៉ីនតោនសម្រាប់សន្តិសុខរបស់ខ្លួន បើទោះបីជាមានបញ្ហាមួយចំនួន ដែលកំពុងធ្វើឱ្យអាមេរិកហាក់ឃ្លាតឆ្ងាយពីតំបន់នេះក្តី។

ប៉ុន្មានសប្តាហ៍មកនេះ ក្រុមប្រទេសលោកខាងលិច ដូចជាកាណាដានិងចក្រភពអង់គ្លេស បាននាំគ្នាចុះកិច្ចព្រមព្រៀងជាមួយចិនជាបន្តបន្ទាប់ ទោះមានការរិះគន់ពីអាមេរិកក៏ដោយ។ លោករដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ បានព្រមានប្រឆាំងការងាកទៅរកចិនជ្រុល ហើយរំពឹងថាបញ្ហាទាំងអស់នឹងរលាយបាត់ ដោយគ្រាន់តែធ្វើជាដៃគូកាន់តែជិតស្និទ្ធជាមួយចិន។

គួរបញ្ជាក់ថា មហិច្ឆតារបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងការចង់គ្រប់គ្រងកោះ Greenland បានធ្វើឱ្យរង្គោះរង្គើទំនាក់ទំនងជាមួយអឺរ៉ុប និងពន្លឿនកិច្ចប្រឹងប្រែងរបស់អឺរ៉ុប ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក ទោះបីលោក ត្រាំ កាលពីខែមុន បានលុបចោលវិញការគំរាមដំឡើងពន្ធ និងទម្លាក់ចោលជម្រើសកាន់កាប់ Greenland ដោយប្រើកម្លាំងយោធាក៏ដោយ៕