បទវិភាគ៖ ដំណើរទស្សនកិច្ចរបស់អ្នកនយោបាយសំខាន់ៗនៃប្រទេសអឺរ៉ុបនៅប្រទេសចិនយ៉ាងមមាញឹក បានបញ្ចេញសញ្ញាវិជ្ជមាន
02-02-2026 17:16
(ប៉េកាំង)៖ ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦ លោក Keir Starmer នាយករដ្ឋមន្ត្រីអង់គ្លេស បានបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន ។ កាលពីថ្ងៃទី ២៩ ខែមករានេះ លោក Xi Jinping ប្រធានរដ្ឋចិន បានជួបពិភាក្សាការងារជាមួយលោក Keir Starmer នាយករដ្ឋមន្ត្រីអង់គ្លេសនៅទីក្រុងប៉េកាំង។ ភាគីទាំងពីរបានឯកភាពគ្នា អំពីការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ប្រកបដោយភាពយូរអង្វែងនិងនឹងនរ ហើយខិតខំប្រឹងប្រែងប្រែសក្តានុពល "ដែលមានអនាគតប្រកបដោយក្តីសង្ឃឹម" នៃកិច្ចសហប្រតិបត្តិការរវាងចិននិងអង់គ្លេស ទៅជាស្នាដៃជាក់ស្តែងដែល "អាចដើរតួនាទីដ៏ធំធេង"។ ភាគីទាំងពីរបានឈានដល់លទ្ធផលជាផ្លែផ្កាវិជ្ជមានមួយចំនួន ដែលបានត្រួសត្រាយនិម្មាបនកម្មថ្មី សម្រាប់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងចិននិងអង់គ្លេស។
ចាប់ពីចុងឆ្នាំ២០២៥មក ថ្នាក់ដឹកនាំនៃប្រទេសអឺរ៉ុបជាច្រើន បានបំពេញទស្សនកិច្ចនៅប្រទេសចិនជាបន្តបន្ទាប់ ។ ពីប្រទេសអេស្ប៉ាញ បារាំងដល់អៀរឡង់ ហ្វាំងឡង់និងអង់គ្លេស ប្រទេសទាំងនេះបានគ្របដណ្តប់លើទ្វីបអឺរ៉ុបខាងត្បូង អឺរ៉ុបខាងលិចនិងអឺរ៉ុបខាងជើងដែលមានភាព ជាតំណាងនិងឥទ្ធិពលខ្លាំងក្លានៅទ្វីបអឺរ៉ុប។
ឆ្នាំនេះគឺជាឆ្នាំចាប់ផ្តើមនៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ ប្រទេសចិនបាននិងកំពុងជំរុញ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងពង្រីកយ៉ាងមុតមាំមិនងាករេ នូវការបើកទូលាយចំពោះក្រៅប្រទេស ប្រកបដោយកម្រិតខ្ពស់ដែលជាការបញ្ចេញសញ្ញាយ៉ាងជាក់លាក់ ចំពោះមជ្ឈដ្ឋានខាងក្រៅ។ បច្ចុប្បន្ននេះ ប្រទេសអឺរ៉ុបនានាបានប្រឈមមុខនឹង បញ្ហាកំណើនដោយកម្លាំងទន់ខ្សោយជាទូទៅ ហើយរំពឹងថា នឹងទទួលកាលានុវត្តភាពអភិវឌ្ឍន៍ តាមរយៈ "រថភ្លើងល្បឿនលឿន" នៃការអភិវឌ្ឍរបស់ចិន ដើម្បីបំពេញបន្ថែម នូវកម្លាំងចលករសម្រាប់សេដ្ឋកិច្ចប្រទេសខ្លួន។
បើពិនិត្យមើលឱ្យនាមលម្អិតពីការរៀបចំកម្មវិធី នៃដំណើរទស្សនកិច្ចរបស់ អ្នកនយោបាយសំខាន់ៗទាំងឡាយនៃប្រទេសអឺរ៉ុប ការបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងគឺជាសំណូមពររួម ។ ឧទាហរណ៍ដូចជា លោក Petteri Orpo នាយករដ្ឋមន្រ្តីហ្វាំងឡង់និងលោក Keir Starmer នាយករដ្ឋមន្ត្រីអង់គ្លេសបានបំពេញទស្សកិច្ចនៅប្រទេសចិន ក្នុងសប្តាហ៍នេះដែលមានប្រតិភូអមដំណើរ មកពីតំណាងមជ្ឈដ្ឋានសហគ្រាសរាប់សិបរូប ។
លោក Jussi Herlin សហប្រធានភាគីហ្វាំងឡង់នៃគណៈកម្មាធិការកិច្ចសហប្រតិបត្តិការ រវាងសហគ្រាសច្នៃប្រឌិតថ្មីចិន-ហ្វាំងឡង់និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន KONE បានថ្លែងក្នុងពេលផ្តល់បទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន នៅទីក្រុងប៉េកាំងកាលពីថ្ងៃទី ២៦ ខែមករាថា ទីផ្សារចិននឹងក្លាយជាក្បាលម៉ាស៊ីន សម្រាប់ជំរុញកំណើនដ៏ធំបំផុតរបស់ពួកគេ។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Petteri Orpo នាយករដ្ឋមន្រ្តីហ្វាំងឡង់នៅប្រទេសចិន ចិននិងហ្វាំងឡង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាច្រើន ដែលពាក់ព័ន្ធដល់វិស័យគ្រឿងយន្តប្រើនៅភ្នំរ៉ែ សុខាភិបាល ការផលិតក្រដាសនិងសំណង់បៃតងជាដើម។
ក្រឡេកទៅមើលអង់គ្លេស ពួកគេក៏ទទួលបានសមិទ្ធផលសហប្រតិបត្តិការជាក់ស្តែងដូចគ្នាផងដែរ។ នៅទីក្រុងប៉េកាំង ប្រទេសចិននិងអង់គ្លេសបានចុះហត្ថលេខាលើ ឯកសារសហប្រតិបត្តិការជាច្រើនគ្របដណ្តប់លើវិស័យ មានដូចជាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម កសិកម្មនិងស្បៀងអាហារ ប្រព័ន្ធផ្សព្វផ្សាយ ការអប់រំនិងនិយ័តកម្មទីផ្សារជាដើម ។ ភាគីចិនបានថ្លែងថា រីករាយគិតពិចារណាយ៉ាងសកម្ម អំពីការលើកលែងទិដ្ឋាការដោយឯកតោភាគីចំពោះប្រជាពលរដ្ឋអង់គ្លេស។
បើនិយាយចំពោះទំនាក់ទំនងរវាងចិននិងអឺរ៉ុប ដំណើរទស្សនកិច្ចរបស់អ្នកនយោបាយសំខាន់ៗ នៃប្រទេសអឺរ៉ុបនៅប្រទេសចិនយ៉ាងមមាញឹក ក៏ជាការបញ្ចេញសញ្ញាវិជ្ជមានដែរ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសាររងការរំខានពីកត្តាមនោគមវិជ្ជានិងកម្លាំងខាងក្រៅ បានជាការយល់ដឹងដ៏ត្រឹមត្រូវចំពោះប្រទេសចិន របស់មនុស្សមួយចំនួននៅអឺរ៉ុបមានភាពលំអៀង ហើយទំនាក់ទំនងរវាងចិននិងអឺរ៉ុបបានជួបប្រទះនឹង"ចរន្តបញ្ច្រាស"។
"ចិននិងអឺរ៉ុបគឺជាដៃគូ តែមិនមែនជាគូប្រជែងទេ ហើយកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ សំខាន់ជាងការប្រកួតប្រជែង គំនិតឯកភាពរួមសំខាន់ជាងការខ្វែងគំនិតគ្នា"។ នៅពេលជួបពិភាក្សាការងារជាមួយ អ្នកនយោបាយសំខាន់ៗនៃប្រទេសអឺរ៉ុប លោក Xi Jinping ប្រធានរដ្ឋចិនបានអធិប្បាយម្តងទៀតពី មតិយោបល់ស្តីពីការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអឺរ៉ុប ។ ថ្នាក់ដឹកនាំនៃប្រទេសអឺរ៉ុប បានធ្វើការផ្លាស់ប្តូរយ៉ាងស្មោះត្រង់ជាមួយភាគីចិន មើលឃើញផ្ទាល់ភ្នែកនូវការអភិវឌ្ឍ របស់ប្រទេសចិនក្នុងគ្រប់វិស័យ ហើយទទួលបានលទ្ធផលជាផ្លែផ្កាវិជ្ជមានមួយចំនួន ដែលមានអំណោយផលដល់ការជំរុញឱ្យ ទំនាក់ទំនងរវាងចិននិងអឺរ៉ុបវិវឌ្ឍទៅមុខប្រកបដោយភាពរឹងមាំ។
ក្នុងបរិបទដែលពិភពលោកបាននិងកំពុងប្រឈមមុខនឹង បម្រែបម្រួលដ៏ខ្លាំងដែលមិនធ្លាប់មានក្នុងរយៈពេល ១ រយឆ្នាំកន្លងមក ទ្វីបអឺរ៉ុបកំពុងកែសម្រួលមុំយុទ្ធសាស្រ្ត និងគោលនយោបាយការទូត។ ឈរនៅម្ខាងនៃភាពត្រឹមត្រូវនៃនិន្នាការអភិវឌ្ឍន៍នៃយុគសម័យ ការប្រកាន់ខ្ជាប់ការបើកទូលាយ កិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ គឺជានិន្នាការមិនអាចដើរបញ្រ្ចាសបាន៕
វិទ្យុមិត្តភាពកម្ពុជាចិន





