ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចិនក្នុងការវិនិយោគលើមូលធនមនុស្ស នឹងក្លាយជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចក្នុងស្រុក និងបន្ថែមសន្ទុះថ្មីដល់សេដ្ឋកិច្ចសកល
02-02-2026 17:54
(ប៉េកាំង)៖ បន្ទាប់ពីសម្រេចបាននូវសន្ទុះកំណើនយ៉ាងឆាប់រហ័ស តាមរយៈការវិនិយោគលើទ្រព្យសកម្មរូបវន្ត ដូចជាហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋាន និងគ្រឿងចក្រ អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក ប្រទេសចិនបានឈានចូលដល់ ដំណាក់កាលថ្មីនៃការកែសម្រួលយុទ្ធសាស្ត្រកំណើនរបស់ខ្លួន ដោយតម្កល់ «មូលធនមនុស្ស» ជាស្នូល នៃគោលនយោបាយសេដ្ឋកិច្ច ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍ពិភពលោក ដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងស្មុគស្មាញ។
យោងតាមអនុសាសន៍សម្រាប់ផែនការប្រាំឆ្នាំលើកទី១៤ (២០២៦-២០៣០) ដែលត្រូវបានអនុម័ត ក្នុងសម័យប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ កាលពីខែតុលា ឆ្នាំ២០២៥ និងលទ្ធផលសន្និសីទការងារសេដ្ឋកិច្ចមជ្ឈិម កាលពីខែធ្នូ ឆ្នាំ២០២៥ ប្រទេសចិននឹងផ្ដល់អាទិភាពខ្ពស់ ចំពោះការវិនិយោគលើមូលធនមនុស្ស ពោលគឺធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងធ្វើឱ្យស៊ីជម្រៅ នូវសមាហរណកម្មរវាងការវិនិយោគលើទ្រព្យសកម្មរូបវន្ត និងការវិនិយោគលើធនធានមនុស្ស។
ទិសដៅគោលនយោបាយនេះ បានឆ្លុះបញ្ចាំងពីចក្ខុវិស័យវែងឆ្ងាយរបស់រដ្ឋាភិបាលចិន ដែលទទួលស្គាល់ពីភាពចាំបាច់ និងភាពបន្ទាន់នៃការវិនិយោគលើប្រជាជន ដើម្បីពង្រឹងភាពធន់នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជំរុញតម្រូវការក្នុងស្រុក និងបង្កើនភាពប្រកួតប្រជែងរបស់ជាតិ។ ក្នុងបរិបទដែលពិភពលោកប្រឈមនឹងភាពមិនប្រាកដប្រជា និងការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយកាន់តែខ្លាំង ការពង្រឹងកត្តាជំរុញកំណើនពីខាងក្នុង គឺជាខែលការពារសេដ្ឋកិច្ចដ៏មានប្រសិទ្ធភាពបំផុត សម្រាប់ប្រទេសចិន។
យុទ្ធសាស្ត្រថ្មីនេះ ក៏ជាការឆ្លើយតបដោយផ្ទាល់ទៅនឹងបញ្ហាប្រឈមនៃរចនាសម្ព័ន្ធប្រជាសាស្ត្រ ជាពិសេស ការកើនឡើងនៃចំនួនប្រជាជនវ័យចំណាស់ និងការធ្លាក់ចុះនៃចំនួនកម្លាំងពលកម្ម។ តាមរយៈការវិនិយោគលើ "គុណភាព" ជាជាង "បរិមាណ" ប្រទេសចិនអាចរក្សាផលិតភាពសេដ្ឋកិច្ច ឱ្យស្ថិតក្នុងកម្រិតខ្ពស់ ទោះបីជាចំនួនពលករមានការថយចុះក៏ដោយ។
ក្នុងបរិបទនេះ ប្រទេសចិនចាំបាច់ត្រូវតែពង្រឹងមូលធនមនុស្សរបស់ខ្លួន ដើម្បីលើកកម្ពស់កំណើនដែលជំរុញដោយនវានុវត្តន៍ ជាពិសេសក្នុងយុគសម័យនៃបរិវត្តកម្មឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ដែលទាមទារឱ្យមានកម្លាំងពលកម្មមានជំនាញ ទេពកោសល្យ និងនវានុវត្តន៍ខ្ពស់។ លើសពីនេះ ការបង្កើនការវិនិយោគលើការអប់រំ និងការថែទាំសុខភាព ក៏នឹងជួយកែលម្អជីវភាពរស់នៅរបស់ប្រជាជន សម្រេចបាននូវជីវិតដែលមានគុណភាពខ្ពស់ និងលើកកម្ពស់ការអភិវឌ្ឍបុគ្គល ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ សំដៅជំរុញកំណើនតម្រូវការក្នុងស្រុក និងភាពធន់នៃសេដ្ឋកិច្ចជាតិទាំងមូល។
ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចទី២ របស់ពិភពលោក ប្រទេសចិនបានវិវត្តខ្លួនពី «រោងចក្រពិភពលោក» ទៅជា «ទីផ្សារពិភពលោក» ហើយវឌ្ឍនភាពនេះ បាន និងកំពុងបង្កើតឥទ្ធិពលវិជ្ជមានជាសកលយ៉ាងទូលំទូលាយ។ ជាក់ស្តែង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានខិតខំលើកកម្ពស់ជាបន្តបន្ទាប់ នូវការបើកទូលាយសេដ្ឋកិច្ចដល់ពិភពលោក ជំរុញកំណើនសេដ្ឋកិច្ចដែលផ្អែកលើ សន្ទុះនៃការប្រើប្រាស់ក្នុងស្រុក និងបានរួមចំណែកប្រមាណ ៣០% ដល់កំណើនសេដ្ឋកិច្ចសកល។
កិច្ចប្រឹងប្រែងទាំងនេះ មិនត្រឹមតែដើរតួនាទីជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតកាលានុវត្តភាពសម្រាប់ប្រទេសដទៃទៀត ក្នុងការបង្កើនការនាំចេញទំនិញ និងសេវាកម្មទៅកាន់ទីផ្សារយក្សចិន ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងឱ្យកាន់តែស៊ីជម្រៅផងដែរ។
សរុបមកវិញ ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចិនក្នុងការវិនិយោគលើមូលធនមនុស្ស នឹងក្លាយជាក្បាលម៉ាស៊ីននៃកំណើន សេដ្ឋកិច្ចក្នុងយុគសម័យថ្មី។ របត់យុទ្ធសាស្ត្រដែលផ្ដោតលើការអភិវឌ្ឍធនធានមនុស្សនេះ មិនត្រឹមតែកំណត់ ជោគវាសនាសេដ្ឋកិច្ចរបស់ចិនសម្រាប់ទសវត្សរ៍ខាងមុខប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងក្លាយជាកម្លាំងជំរុញថ្មីសម្រាប់សេដ្ឋកិច្ចសកល ក្នុងយុគសម័យថ្មីផងដែរ៕
ដោយលោក ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា




