អ៊ីរ៉ង់ពិចារណាចូលតុចរចានុយក្លេអ៊ែរជាមួយអាមេរិក តែបញ្ហាមីស៊ីលនៅជាឧបសគ្គ (Video inside)
02-02-2026 19:10
(តេហេរ៉ង់)៖ មន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់បានប្រកាសនៅថ្ងៃចន្ទនេះថា ទីក្រុងតេហេរ៉ង់កំពុងពិចារណាលើលក្ខខណ្ឌសម្រាប់ការចាប់ផ្តើមការចរចាជាមួយសហរដ្ឋអាមេរិកឡើងវិញក្នុងពេលឆាប់ៗ ខណៈដែលភាគីទាំងពីរបានបង្ហាញពីការត្រៀមខ្លួន ដើម្បីស្តារទំនាក់ទំនងការទូត និងកាត់បន្ថយការភ័យខ្លាចនៃសង្គ្រាមក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ទោះបីជាមានភាពតានតឹងដោយសារការបង្កើនវត្តមានកងទ័ពជើងទឹកអាមេរិកក៏ដោយ ក៏ប្រភពបានបង្ហើបថា បេសកជនពិសេសអាមេរិក លោក ស្ទីវ វីតកុហ្វ និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស់ អារ៉ាក់ឈី អាចនឹងជួបគ្នានៅប្រទេសតួកគីក្នុងពេលឆាប់ៗនេះ។
អ្នកនាំពាក្យក្រសួងការបរទេស លោក
អេសម៉ាអ៊ីល បាហ្គាអ៊ី បានបញ្ជាក់ថា អ៊ីរ៉ង់កំពុងពិចារណាលើ «ទិដ្ឋភាពផ្សេងៗ» នៃការចរចា ដោយសារខ្លួនចង់ឱ្យមានការដកទណ្ឌកម្មអយុត្តិធម៌។ មន្ត្រីជាន់ខ្ពស់ម្នាក់បានបង្ហើបថា អ៊ីរ៉ង់ត្រៀមខ្លួនបង្ហាញភាពបត់បែនលើបញ្ហាអ៊ុយរ៉ាញ៉ូម រួមទាំងការប្រគល់អ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិតខ្ពស់ (HEU) ចំនួន ៤០០គីឡូក្រាម ប៉ុន្តែទាមទារឱ្យអាមេរិកដកកងទ័ពចេញពីតំបន់ក្បែរអ៊ីរ៉ង់ជាមុនសិន។
ទោះជាយ៉ាងណា ប្រភពបានឱ្យដឹងថា លក្ខខណ្ឌរបស់លោក ត្រាំ ដែលតម្រូវឱ្យកំណត់កម្មវិធីមីស៊ីលផ្លោង ត្រូវបានមេដឹកនាំអ៊ីរ៉ង់ចាត់ទុកថាជាឧបសគ្គធំជាងបញ្ហានុយក្លេអ៊ែរទៅទៀត៕




