អង់គ្លេសបណ្តេញអ្នកការទូតរុស្ស៊ីម្នាក់ ដើម្បីសងសឹកនឹងការចោទប្រកាន់រឿងចារកម្ម (Video inside)

02-02-2026 22:46

(ឡុងដ៍)៖ ចក្រភពអង់គ្លេសបានប្រកាសនៅថ្ងៃចន្ទនេះថា ខ្លួនបានសម្រេចបណ្តេញអ្នកការទូតរុស្ស៊ីម្នាក់ចេញពីប្រទេស ដែលជាចំណាត់ការសងសឹកទៅនឹងទីក្រុងមូស្គូ ដែលបានបណ្តេញអ្នកការទូតអង់គ្លេសកាលពីខែមុន ដោយចោទថាជាចារបុរស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកនាំពាក្យក្រសួងការបរទេសអង់គ្លេស បានថ្កោលទោសការចោទប្រកាន់របស់រុស្ស៊ីថា «គ្មានមូលដ្ឋាន» ហើយហៅការបណ្តេញចេញនោះថាជា «ទង្វើគ្មានហេតុផល និងគ្មានការបង្កហេតុ»។ នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ី មន្ត្រីជាន់ខ្ពស់អង់គ្លេសបានបញ្ជាក់យ៉ាងច្បាស់ថា ចក្រភពអង់គ្លេសនឹងមិនអត់ឱនចំពោះការបំភិតបំភ័យបុគ្គលិកស្ថានទូតរបស់ខ្លួនឡើយ។

អង់គ្លេសក៏បានព្រមានរុស្ស៊ីផងដែរថា រាល់សកម្មភាពបន្ថែមទៀតដែលធ្វើឡើងដោយរុស្ស៊ីប្រឆាំងនឹងអ្នកការទូតរបស់ខ្លួន នឹងត្រូវចាត់ទុកថាជាការបង្កើនជម្លោះ ហើយនឹងមានការឆ្លើយតបទៅតាមនោះ។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងលោកខាងលិច និងរុស្ស៊ីបានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីសង្គ្រាមត្រជាក់ ដោយមានការចោទប្រកាន់គ្នាទៅវិញទៅមកជាញឹកញាប់អំពីសកម្មភាពចារកម្ម៕