លោក ត្រាំ បញ្ចុះពន្ធគយលើឥណ្ឌា ព្រោះលោក Modi យល់ព្រមឈប់ទិញប្រេងពីរុស្ស៉ី (Video inside)

03-02-2026 08:55

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ ទី២ ខែកុម្ភៈបានប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌា ដោយនិយាយថានាយករដ្ឋមន្ត្រី លោក Narendra Modi បានសន្យាថានឹងបញ្ឈប់ការទិញប្រេងពីរុស្ស៉ីជុំវិញសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់់ងារសារព័ត៌មាន​ AFP។

លោក ត្រាំ បាននិយាយថារូបលោកបានសម្រេចចិត្តបន្ធូរបន្ថយពន្ធគយលើទំនិញឥណ្ឌាមកនៅត្រឹម១៨ភាគរយ។ លោក ត្រាំ កន្លងមកបានដំឡើងពន្ធគយបដិការ ២៥ភាគរយ បូកបន្ថែមពី២៥ភាគរយ ទៀតលើទំនិញនាំចូលពីប្រទេសឥណ្ឌាសម្រាប់ការបន្តទិញប្រេងពីរុស្ស៉ី។ លោក Modi កាលពីថ្ងៃចន្ទ ក៏បានឱ្យដឹងដែរថាលោកមានកិច្ចសន្ទនាតាមទូរស័ព្ទដ៏អស្ចារ្យមួយជាមួយលោក ត្រាំ និងបានអរគុណប្រធានាធិបតីអាមេរិកដែលបានបន្ធូរបន្ថយពន្ធគយលើទំនិញឥណ្ឌា ប៉ុន្តែមិនបានលើកឡើងពីការអះអាងរបស់លោក ត្រាំដែលថាឥណ្ឌាឈប់ទិញប្រេងពីរុស្ស៉ីទេ។

នៅក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «លោក Modi បានយល់ព្រមឈប់ទិញប្រេងពីរុស្ស៉ី ហើយងាកទៅទិញប្រេងយ៉ាងច្រើនពី សហរដ្ឋអាមេរិក និងពីវ៉េណេស៊ុយអេឡា ដែលនេះនឹងជួយបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន»

គួរបញ្ជាក់ថា បើតាមលោក ត្រាំ សហរដ្ឋអាមេរិកនឹងបញ្ចុះពន្ធគយបដិការដែលបានដាក់អនុវត្តលើឥណ្ឌាលកាលពីឆ្នាំ២០២៥ ពី២៥ភាគរយមកនៅត្រឹម ១៨ភាគរយ។ មន្ត្រីសេតវិមានម្នាក់ក៏បានអះអាង ដែរថាពន្ធគយបន្ថែម២៥ភាគរយដែលលោក ត្រាំ ដំឡើងលើទំនិញឥណ្ឌាសម្រាប់ការទិញប្រេងពីរុស្ស៉ីកាលពីខែសីហា ឆ្នាំមុន ក៏នឹងត្រូវបានបញ្ចុះផងដែរ៕