កៀហ្ស៉ីស៉ីស្ថាន ស្វែងរកការចរចាជាមួយ EU បន្ទាប់ពីឮដំណឹងថាប្លុកនេះ ពិចារណាដាក់ទណ្ឌកម្ម ជុំវិញទំនាក់ទំនងពាណិជ្ជកម្មជាមួយរុស្ស៉ី (Video inside)
03-02-2026 11:47
(ប៊ីស្កេក)៖ រដ្ឋាភិបាលនៃប្រទេសកៀហ្ស៉ីស៉ីស្ថាន បានប្រកាសថាខ្លួនកំពុងស្វែងរកការចរចាជាមួយសហភាពអឺរ៉ុប (EU) បន្ទាប់ពីមានសេចក្តីរាយការណ៍ពីទីភ្នាក់ងារព័ត៌មាន Bloomberg កាលពីសប្តាហ៍មុនថា ប្លុក EU គ្រោងប្រើប្រាស់កញ្ចប់ទណ្ឌកម្មទី ១១ ដាក់លើប្រទេសអាស៉ីកណ្តាលមួយនេះ ជុំវិញការធ្វើពាណិជ្ជកម្មជាមួយរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី៣ ខែកុម្ភៈ ឆ្នាំ ២០២៦។
កញ្ចប់ទណ្ឌកម្មទី ១១ ត្រូវបានដាក់ចេញកាលពីឆ្នាំ ២០២៣ ពោលគឺមួយឆ្នាំក្រោយសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង។ កញ្ចប់ទណ្ឌកម្មនេះ រឹតបន្តឹងលើការនាំចេញទំនិញរសើប និងឧបករណ៍ដែលបម្រើដល់ការប្រើប្រាស់ស៉ីវិល និងយោធា ដោយកំណត់កំណត់គោលដៅលើអង្គភាពនៅក្នុងប្រទេសទីបី ដែលធ្វើឱ្យប៉ះពាល់ដល់ចំណាត់ការដាក់ទណ្ឌកម្មរបស់លោកខាងលិច។
ឧបនាយករដ្ឋមន្រ្តី លោក Daniyar Amangeldiev បានឱ្យដឹងថា នៅប៉ុន្មានថ្ងៃខាងមុខលោកនឹងជជែកជាមួយ លោក David O'Sullivan ប្រធានផ្នែកទណ្ឌកម្មរបស់ EU ទាក់ទងនឹងរបាយការណ៍ដែលថា ទីក្រុងព្រុចសែល អាចដាក់ទណ្ឌកម្មលើប្រទេសកៀហ្ស៊ីស៊ីស្ថាន ជុំវិញតួនាទីសម្របសម្រួលឱ្យរុស្ស៉ីអាចគេចវេះពីទណ្ឌកម្ម។
គួរបញ្ជាក់ថា កៀហ្ស៉ីស៉ីស្ថាន ដែលជាប្រទេសនៃតំបន់ភ្នំ មានប្រជាជន ៧លាននាក់ គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធ និងជាសមាជិកសហភាពគយរុស្ស៉ី។ ប្រទេសនេះបានក្លាយជាមជ្ឈមណ្ឌលឆ្លងកាត់ដ៏សំខាន់ សម្រាប់ការនាំចេញទៅកាន់រុស្ស៉ី ដែលត្រូវបានបង្វែរទិសដៅដោយទណ្ឌកម្មលោកខាងលិច ជុំវិញសង្គ្រាមនៅអ៊ុយក្រែន៕






