មន្រ្តីការទូតកំពូលថ្មីរបស់អាមេរិក ជួបពិភាក្សាជាមួយមេដឹកនាំស្តីទីវ៉េណេស៊ុយអេឡា ស្តីពីការធ្វើអន្តរកាលក្រោយលែងមាន លោក Maduro (Video inside)
03-02-2026 14:03
(ការ៉ាកាស)៖ មន្រ្តីការទូតកំពូលថ្មីរបស់ទីក្រុងវ៉ាស៉ីនតោនប្រចាំវ៉េណេស៊ុយអេឡា លោកស្រី Laura Dogu បានឱ្យដឹងថា កាលពីថ្ងៃចន្ទ ទី២ ខែកុម្ភៈ លោកស្រីបានជួបជាមួយ ប្រធានាធិបតីស្តីទីនៃប្រទេសអាមេរិកឡាទីនមួយនេះ គឺលោកស្រី Delcy Rodriguez ហើយបានពិភាក្សាអំពីបញ្ហានៃការធ្វើអន្តរកាល បន្ទាប់ពីលោក Nicolas Maduro ត្រូវបានទម្លាក់ពីអំណាច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
លោកស្រី Dogu បានប្រាប់ថា លោកស្រីបានជជែកជាមួយលោកស្រី Delcy អំពីផែនការរបស់សហរដ្ឋអាមេរិក សម្រាប់ការរក្សាស្ថិរភាព ស្តារសេដ្ឋកិច្ច ផ្សះផ្សាជាតិ និងការធ្វើអន្តរកាល។ ស្របពេលដែលអាមេរិកបានតែងតាំងលោកស្រី Dogu ជាបេសកជនថ្មីរបស់ខ្លួនប្រចាំវ៉េណេស៊ុយអេឡា លោកស្រី Delcy កាលពីថ្ងៃចន្ទ ក៏បានតែងតាំងអតីតរដ្ឋមន្រ្តីការបរទេស លោក Felix Plasencia ឱ្យដឹកនាំបេសកកម្មការទូតរបស់វ៉េណេស៊ុយអេឡា នៅសហរដ្ឋអាមេរិកផងដែរ។
ការតែងតាំងប្រសិតថ្មីទៅវិញទៅមកនេះ គូសរំលេចនូវការផ្លាស់ប្តូរដ៏សំខាន់មួយ ក្នុងទំនាក់ទំនងការទូតរវាងទីក្រុងការ៉ាកាស និងទីក្រុងវ៉ាស៉ីនតោន ដែលបានត្រូវបានកាត់ផ្តាច់កាលពីឆ្នាំ២០១៩ បន្ទាប់ពីសហរដ្ឋអាមេរិក មិនព្រមទទួលស្គាល់ការបន្តជាប់ឆ្នោតរបស់លោក Maduro ហើយប្រកាសគាំទ្រ មេបក្សប្រឆាំងវ៉េណេស៊ុយអេឡានាពេលនោះ គឺលោក Juan Guaido។
គួរបញ្ជាក់ថា ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro ត្រូវបានយោធាអាមេរិក ចាប់ខ្លួនរួមជាមួយភរិយា ចេញពីរដ្ឋធានីការ៉ាកាស កាលពីថ្ងៃទី៣ ខែមករា កន្លងទៅ ហើយឥឡូវអ្នកទាំងពីរកំពុងស្ថិតក្រោមការឃុំឃាំង នៅទីក្រុងញូវយ៉ក ដើម្បីរង់ចាំដំណើការកាត់ទោសរបស់តុលាការអាមេរិក ជុំវិញការចោទប្រកាន់បទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន៕






