តម្លៃភាគហ៊ុននៅអាមេរិក បានហក់ឡើងកាលពីថ្ងៃចន្ទ ស្របពេលតម្លៃមាស និងប្រាក់ ស្រកចុះជាបន្តបន្ទាប់ (Video inside)
03-02-2026 16:08
(ញូវយ៉ក)៖ តម្លៃភាគហ៊ុននៅអាមេរិក បានហក់ឡើងនាថ្ងៃចន្ទ ទី២ ខែកុម្ភៈ បន្ទាប់ពីស្ថានភាពឡើង-ចុះខ្លាំង ដែលបានធ្វើឱ្យទីផ្សារហិរញ្ញវត្ថុរង្គោះរង្គើ អស់ពេញមួយយប់ រួមទាំងការធ្លាក់ចុះនៃភាគហ៊ុនអាស៉ីផងដែរ ខណៈដែលតម្លៃមាស និងប្រាក់បន្តធ្លាក់ចុះថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ក្នុងការជួញដូរ នៅឯសង្កាត់ Wall Street សន្ទស្សន៍ភាគហ៊ុន S&P 500 បានកើនឡើង ០.៥ភាគរយ ភាគហ៊ុន Dow Jones កើនឡើង ១.១ភាគរយ និងភាគហ៊ុន Nasdaq composite កើនឡើង ០.៦ភាគរយ។
ភាគហ៊ុននៃក្រុមហ៊ុនផលិតឧបករណ៍ផ្ទុកទិន្នន័យកុំព្យូទ័រនានា បាននាំមុខគេក្នុងទីផ្សារ បន្ទាប់ពីមានសេចក្តីរាយការណ៍ អំពីប្រាក់ចំណេញច្រើន ដែលលើសពីការរំពឹងទុករបស់អ្នកវិភាគ។ ដោយឡែក ភាគហ៊ុននៃក្រុមហ៊ុនអាកាសចរណ៍ និងប្រតិបត្តិករនាវាទេសចរណ៍ ក៏មានភាពរឹងមាំផងដែរ ដោយសារតែការធ្លាក់ចុះខ្លាំងនៃតម្លៃប្រេង។
នាយប់ថ្ងៃចន្ទដដែល តម្លៃមាសបានធ្លាក់ចុះមកក្រោម ៤ ៥០០ដុល្លារក្នុងមួយអោន ដែលជាការធ្លាក់ចុះខ្ទង់ ១ ០០០ដុល្លារពីចំណុចខ្ពស់បំផុត ដែលទើបតែឈានដល់កាលពីសប្តាហ៍មុន។ តម្លៃប្រាក់នាពេលថ្មីៗនេះ ក៏បានឡើងខ្លាំងជាងមុនផងដែរ ហើយវាបានប្រែប្រួលពីការខាតបង់ ៩ភាគរយក្នុងពេលតែមួយយប់ មកជាការកើនឡើងតិចតួច។
គួរបញ្ជាក់ថា តម្លៃមាស និងប្រាក់ កើនឡើងដោយសារតែអ្នកវិនិយោគ ចង់រក្សាទុករករបស់របរមានតម្លៃ ដែលងាយលក់ចេញ ក្នុងចំណោមក្តីបារម្ភជាច្រើន រួមទាំងបញ្ហាធនាគារកណ្តាលអាមេរិក ទីផ្សារភាគហ៊ុនអាមេរិក ការគំរាមកំហែងពន្ធគយ និងបន្ទុកបំណុលសន្ធឹកសន្ធាប់ សម្រាប់បណ្តារដ្ឋាភិបាលនៅទូទាំងពិភពលោក៕





