ឥណ្ឌា ត្រូវបង្កើនការទិញទំនិញពីអាមេរិក និងបើកលំហូរផលិតផលកសិកម្ម ក្រោមការកិច្ចព្រមព្រៀងបញ្ចុះពន្ធរបស់លោក ត្រាំ
03-02-2026 16:41
(ញូវដេលី)៖ ឥណ្ឌា បានយល់ព្រមទិញប្រេងឥន្ធនៈ ទំនិញការពារជាតិ និងយន្តហោះចម្បាំងពីសហរដ្ឋអាមេរិក ហើយនឹងបើកឱ្យមានលំហូរនៃវិស័យកសិកម្ម ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ខណៈប្រទេសទាំងពីរកំពុងផ្សះផ្សាគ្នា បន្ទាប់ពីភាពតានតឹងអស់ជាច្រើនខែ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ឆ្នាំ ២០២៦។
ប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ចុះពន្ធរបស់អាមេរិកលើទំនិញឥណ្ឌាពីអត្រា ៥០ភាគរយ មកនៅសល់ត្រឹម ១៨ភាគរយ ជាថ្នូរនឹងការណ៍ដែលឥណ្ឌាឈប់ទិញប្រេងរុស្ស៉ី ហើយបន្ថយរបាំងពាណិជ្ជកម្ម។ លោក ត្រាំ និយាយថា ឥណ្ឌានឹងបង្កើនការបញ្ជាទិញដល់ ៥០០ពាន់លានដុល្លារពីសហរដ្ឋអាមេរិក។
មន្ត្រីរដ្ឋាភិបាលឥណ្ឌាម្នាក់ ដែលសុំមិនមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា ឥណ្ឌានឹងទិញទំនិញអាមេរិក រួមទាំងទូរគមនាគមន៍ និងឱសថ ព្រមទាំងផ្តល់សិទ្ធិចូលទៅកាន់ទីផ្សារសម្រាប់ផលិតផលកសិកម្មមួយចំនួន ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ទីក្រុងញូវដេលី ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ។
គួរបញ្ជាក់ថា តាមទិន្នន័យរបស់រដ្ឋាភិបាលឥណ្ឌា ការនាំចេញរបស់ឥណ្ឌាទៅកាន់សហរដ្ឋអាមេរិក បានកើនឡើង ១៥.៨៨ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ គឺដល់ចំនួន ៨៥.៥ពាន់លានដុល្លារ គិតចាប់ខែមករា ដល់ខែវិច្ឆិកា ឆ្នាំមុន ខណៈដែលការនាំចូលមានចំនួន ៤៦.០៨ពាន់លានដុល្លារ៕





