រុស្ស៊ីត្រៀមខ្លួនសម្រាប់ពិភពលោកដែល «គ្មានដែនកំណត់អាវុធនុយក្លេអ៊ែរ» (Video inside)

03-02-2026 18:54

(មូស្គូ/ប៉េកាំង)៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែហ្គេ រីយ៉ាបកូវ (Sergei Ryabkov) បានប្រកាសនៅថ្ងៃអង្គារនេះថា រុស្ស៊ីបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ភាពជាក់ស្តែងថ្មីនៃពិភពលោកដែលគ្មានដែនកំណត់លើការគ្រប់គ្រងអាវុធនុយក្លេអ៊ែររវាងអាមេរិក និងរុស្ស៊ី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការប្រកាសនេះធ្វើឡើងខណៈសន្ធិសញ្ញា New START គ្រោងនឹងផុតកំណត់នៅថ្ងៃព្រហស្បតិ៍នេះ។ ប្រសិនបើគ្មានកិច្ចព្រមព្រៀងនាទីចុងក្រោយទេ នោះមហាអំណាចទាំងពីរនឹងគ្មានការរឹតបន្តឹងលើឃ្លាំងអាវុធនុយក្លេអ៊ែររយៈចម្ងាយឆ្ងាយជាលើកដំបូងក្នុងរយៈពេលជាងកន្លះសតវត្សរ៍។

ថ្លែងនៅក្នុងទីក្រុងប៉េកាំង លោក រីយ៉ាបកូវ បាននិយាយថា «នេះគឺជាពេលវេលាថ្មី ភាពជាក់ស្តែងថ្មី ហើយយើងបានត្រៀមខ្លួនសម្រាប់វា»។

លោកបានបន្ថែមថា ការដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនបានឆ្លើយតបនឹងសំណើរបស់រុស្ស៊ីដើម្បីពន្យារពេលសន្ធិសញ្ញានេះរយៈពេលមួយឆ្នាំទៀត ដើម្បីទុកពេលចរចា គឺជាសញ្ញាថាអាមេរិកចង់ឱ្យវាផុតកំណត់។ លោកបញ្ជាក់ថា «ការមិនមានចម្លើយ ក៏ជាចម្លើយដែរ»៕