WHO ស្នើសុំ ១ពាន់លានដុល្លារដើម្បីសង្គ្រោះជីវិតក្នុងវិបត្តិសុខភាពសកលឆ្នាំ២០២៦ (Video inside)
03-02-2026 20:28
(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអង្គារនេះ បានអំពាវនាវសុំថវិកាចំនួន ១ពាន់លានដុល្លារ ដើម្បីដោះស្រាយវិបត្តិសុខភាពនៅឆ្នាំ២០២៦ នៅក្នុងតំបន់ដែលមានភាពអាសន្នធ្ងន់ធ្ងរបំផុតចំនួន ៣៦ នៅជុំវិញពិភពលោក ដូចជាហ្គាហ្សា ស៊ូដង់ ហៃទី និងកុងហ្គោ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ទីភ្នាក់ងារនេះបានប៉ាន់ប្រមាណថា មនុស្សប្រហែល ២៣៩លាននាក់នឹងត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់នៅឆ្នាំនេះ។ លោក ឈីកវេ អ៊ីហេកវីហ្ស៊ូ (Chikwe Ihekweazu) ប្រធានផ្នែកសង្គ្រោះបន្ទាន់ WHO បានព្រមានថា «តម្រូវការសុខភាពកំពុងកើនឡើង...ប៉ុន្តែលទ្ធភាពទទួលបានសេវាថែទាំកំពុងធ្លាក់ចុះ»។
ចំនួនទឹកប្រាក់ដែលបានស្នើសុំនេះមានកម្រិតទាបជាងឆ្នាំមុនៗ ដោយសារតែវិបត្តិថវិកាសកល និងការដកខ្លួនរបស់សហរដ្ឋអាមេរិកក្រោមរដ្ឋបាលលោក ត្រាំ។ កាលពីឆ្នាំមុន WHO ទទួលបានត្រឹមតែ ៩០០លានដុល្លារប៉ុណ្ណោះ ពីតម្រូវការ ១.៥ពាន់លានដុល្លារ ដែលបង្ខំឱ្យមណ្ឌលសុខភាពចំនួន ៦,៧០០កន្លែងត្រូវបិទទ្វារ ឬកាត់បន្ថយសេវាកម្ម។
លោក អ៊ីហេកវីហ្ស៊ូ បានបញ្ជាក់ថា នៅឆ្នាំ២០២៦ នេះ WHO នឹងផ្តល់អាទិភាពខ្ពស់បំផុតលើសេវាកម្មណាដែលមានឥទ្ធិពលខ្លាំងក្នុងការសង្គ្រោះជីវិត ដើម្បីប្រើប្រាស់ថវិកាឱ្យមានប្រសិទ្ធភាពបំផុត៕





