UAE ជំរុញឱ្យអាមេរិក និងអ៊ីរ៉ង់ បង្កើតកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដើម្បីបញ្ចៀសសង្គ្រាមថ្មី (Video inside)
03-02-2026 21:41
(ឌូបៃ)៖ អេមីរ៉ាតអារ៉ាប់រួម (UAE) បានជំរុញយ៉ាងខ្លាំងក្លានៅថ្ងៃអង្គារនេះ ឱ្យអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ និងរកដំណោះស្រាយយូរអង្វែងចំពោះភាពតានតឹង ដោយសង្កត់ធ្ងន់ថា តំបន់មជ្ឈិមបូព៌ាមិនត្រូវការសង្គ្រាមមួយទៀតទេ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក អាន់វ៉ា ហ្គាហ្គាស (Anwar Gargash) ទីប្រឹក្សារបស់ប្រធានាធិបតី UAE បានថ្លែងនៅក្នុងកិច្ចប្រជុំកំពូលរដ្ឋាភិបាលពិភពលោកនៅឌូបៃថា «តំបន់នេះបានឆ្លងកាត់ការប្រឈមមុខដាក់គ្នាដ៏មហន្តរាយជាច្រើន។ ខ្ញុំមិនគិតថាយើងត្រូវការមួយទៀតទេ ប៉ុន្តែខ្ញុំចង់ឃើញការចរចាផ្ទាល់រវាងអ៊ីរ៉ង់ និងអាមេរិកដែលនាំទៅរកការយោគយល់គ្នា»។
ការអំពាវនាវនេះធ្វើឡើងមុនពេលកិច្ចចរចាគ្រោងនឹងចាប់ផ្តើមឡើងវិញនៅថ្ងៃសុក្រក្នុងប្រទេសតួកគី រវាងបេសកជនពិសេសអាមេរិក លោក ស្ទីវ វីតកុហ្វ និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស់ អារ៉ាក់ឈី។
ទន្ទឹមនឹងនេះ ប្រភពបានបង្ហើបថា ថ្នាក់ដឹកនាំអ៊ីរ៉ង់កំពុងមានក្តីបារម្ភកាន់តែខ្លាំងថា ការវាយប្រហាររបស់អាមេរិកអាចនឹងធ្វើឱ្យរបបដឹកនាំរង្គោះរង្គើ ដោយសារកំហឹងរបស់ប្រជាពលរដ្ឋចំពោះការបង្ក្រាបបាតុកម្មកាលពីខែមុន បានឈានដល់ចំណុចដែលពួកគេលែងខ្លាចការគាបសង្កត់ទៀតហើយ៕






