សហរដ្ឋអាមេរិក ប្រគល់លុយ ៥០០លានដុល្លារពីការលក់ប្រេងទៅឱ្យវ៉េណេស៊ុយអេឡា (Video inside)
04-02-2026 10:08
(វ៉ាស៊ីនតោន)៖ មន្ត្រីអាមេរិកកាលពីថ្ងៃអង្គារ ទី៣ ខែកុម្ភៈបាននិយាយថាសហរដ្ឋអាមេរិកបានប្រគល់ឱ្យវ៉េណេស៊ុយអេឡានូវប្រាក់ ៥០០លានដុល្លារដែលបានមកពីការលក់ប្រេង នៅក្រោមកិច្ចព្រមព្រៀងមួយរវាងទីក្រុងការ៉ាកាស និងទីក្រុងវ៉ាស៊ីនតោនកាលពីខែមករា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមមន្ត្រីអាមេរិកខាងលើក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ទឹកប្រាក់ ២០០លានដុល្លារចុងក្រោយបំផុតបានមកពីការលក់ប្រេង ត្រូវបានប្រគល់ឱ្យវ៉េណេស៊ុយអេឡា។ កិច្ចព្រមព្រៀងនេះកើតមានឡើង បន្ទាប់ពីប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការយោធាមួយ បញ្ជូនទៅកាត់ទោសនៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី៣ ខែមករា ជុំវិញការចោទប្រកាន់រត់ពន្ធគ្រឿងញៀន។ មន្ត្រីរូបនេះដដែលបានគូសបញ្ជាក់ដូច្នេះថា «វ៉េណេស៊ុយអេឡាបានទទួលជាផ្លូវការនូវ ទឹកប្រាក់ទាំងអស់ ៥០០លានដុល្លារ ដែលបានមកពីការលក់ប្រេងដំបូងរបស់វ៉េណេស៊ុយអេឡា»។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានប្រាប់សមាជិកសភាអាមេរិកថាការចូលរួមរបស់សហរដ្ឋអាមេរិកនៅក្នុងការចាត់ចែង លក់ប្រេងវ៉េណេស៊ុយអេឡាគឺមានគោលដៅរយៈពេលខ្លីប៉ុណ្ណោះដើម្បីឱ្យវ៉េណេស៊ុយអេឡាមានស្ថិរភាព និងជួយសង្រ្គោះប្រជាជន ក៏ដូចជាជួយឱ្យរដ្ឋាភិបាលទីក្រុងការ៉ាកាស អាចបន្តធ្វើប្រតិបត្តិការ៕





