Axios៖ កិច្ចចរចានុយក្លេអ៊ែររវាងអាមេរិក និងអ៉ីរ៉ង់ ត្រូវប្ដូរទៅរៀបចំនៅអូម៉ង់ នៅថ្ងៃសុក្រសប្ដាហ៍នេះ (Video inside)
04-02-2026 10:40
(វ៉ាស៊ីនតោន)៖ អ្នករាយការណ៍របស់សារព័ត៌មានអាមេរិក Axios លោក Barak Ravid បាននិយាយថាកិច្ចចរចានុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ត្រូវបានរំពឹងថានឹងរៀបចំ ធ្វើឡើងនៅក្នុងប្រទេសអូម៉ង់ នៅថ្ងៃសុក្រសប្ដាហ៍នេះ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Ravid ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពពីមន្ត្រីអារ៉ាប់ម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ មន្ត្រីរូបនេះបានឱ្យដឹងថារដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានយល់ស្របទៅនឹងសំណើរបស់អ៉ីរ៉ង់ចង់ប្ដូរកន្លែងរៀបចំកិច្ចប្រជុំដែលដំបូងឡើយគ្រោងនឹងធ្វើឡើងនៅតួកគី ទៅធ្វើឡើងនៅអូម៉ង់ ខណៈកិច្ចចរចាកំពុងបន្តធ្វើឡើងអំពីថាតើក្រុមមន្ត្រី មកពីបណ្ដាប្រទេសអារ៉ាប់ និងប្រទេសមានអ្នកកាន់សាសនាអ៉ីស្លាមគួរតែចូលរួមក្នុងកិច្ចចរចានៅអូម៉ង់ដែរឬក៏យ៉ាងណា?
គួរបញ្ជាក់ថា ក្រុមមន្ត្រីអាមេរិក និងអ៉ីរ៉ង់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃចន្ទ ទី២ ខែកុម្ភៈថាអ៉ីរ៉ង់ និងសហរដ្ឋអាមេរិកនឹងចាប់ផ្ដើមកិច្ចចរចាឡើងវិញនៅថ្ងៃសុក្រ សប្ដាហ៍នេះក្នុងប្រទេសតួកគី។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំបានព្រមានថាដោយកងនាវាចម្បាំងអាមេរិកកំពុងធ្វើដំណើរសំដៅទៅរកអ៉ីរ៉ង់ រឿងអាក្រក់អាចនឹងកើតឡើង ប្រសិនបើមិនមានការឈានដល់កិច្ចព្រមព្រៀងទេនោះ៕




