លោក ណេតាន់យ៉ាហ៊ូ ប្រាប់បេសកជនអាមេរិក កុំទុកចិត្តអ៉ីរ៉ង់ ពាក់ព័ន្ធនឹងកិច្ចចរចានុយក្លេអ៊ែរ (Video inside)
04-02-2026 11:15
(ហ៊្សេរុយសាឡិម)៖ ស្របពេលដែលមានកិច្ចខិតខំប្រឹងប្រែងតាមរយៈមធ្យោបាយការទូត ដើម្បីដោះស្រាយបញ្ហាជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu បានប្រាប់បេសកជនពិសេសអាមេរិក លោក Steve Witkoff កាលពីថ្ងៃអង្គារសប្តាហ៍នេះថា ទីក្រុងតេហេរ៉ង់ ទំនងជាមិនគោរពកិច្ចព្រមព្រៀងណាមួយឡើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី៤ ខែកុម្ភៈ ឆ្នាំ ២០២៦។
ការិយាល័យនាយករដ្ឋមន្រ្តីអ៉ីស្រាអែល បានឱ្យដឹងថា ក្នុងពេលជួបបេសកជនអាមេរិក លោក Netanyahu បានបញ្ជាក់យ៉ាងច្បាស់អំពីការយល់ឃើញរបស់លោកថា ម្តងហើយម្តងទៀត អ៉ីរ៉ង់បង្ហាញឱ្យគេឃើញថា ការសន្យារបស់ខ្លួនគឺមិនគួរឱ្យជឿទុកចិត្តឡើយ។
អ៉ីរ៉ង់ និងសហរដ្ឋអាមេរិក គ្រោងបន្តកិច្ចចរចានុយក្លេអ៊ែរ នាថ្ងៃសុក្រសប្តាហ៍នេះ នៅក្នុងប្រទេសអូម៉ង់ ខណៈប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមានថា វត្តមាននាវាចម្បាំងអាមេរិកដែលស្ថិតនៅក្បែរៗអ៉ីរ៉ង់ អាចនាំឱ្យមានរឿងអាក្រក់កើតឡើង ប្រសិនបើកិច្ចព្រមព្រៀងមិនអាចសម្រេចបាន។
អ៉ីរ៉ង់ បានប្រាប់ Reuters កាលពីសប្តាហ៍មុនថា លោក ត្រាំ បានដាក់លក្ខខណ្ឌចំនួន ៣ សម្រាប់កិច្ចចរចាឡើងវិញនេះ គឺគ្មានការបន្តចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដាក់កំហិតលើកម្មវិធីមីស៉ីលបាលីស្ទីគ និងបញ្ចប់ការគាំទ្រដល់តួអង្គធ្វើសង្រ្គាមជំនួស ឬក្រុម proxies ក្នុងតំបន់។ ប៉ុន្តែវាជាលក្ខខណ្ឌដែលមិនអាចទទួលយកបាន សម្រាប់អ៉ីរ៉ង់៕




