លុយដុល្លារអាមេរិកមានស្ថិរភាព ខណៈលុយយ៉េនជប៉ុនមានភាពទន់ខ្សោយ ក្នុងការជួញដូរនាថ្ងៃពុធនេះ (Video inside)
04-02-2026 11:50
(សិង្ហបុរី)៖ នាថ្ងៃពុធ ទី៤ ខែកុម្ភៈ លុយដុល្លារអាមេរិកហាក់មានស្ថិរភាព ខណៈអ្នកវិនិយោគនៅតែប្រុងប្រៀប បន្ទាប់ពីការបិទរដ្ឋាភិបាលសហព័ន្ធមួយផ្នែក បានបញ្ចប់ទៅវិញក្នុងពេលខ្លី រីឯលុយយ៉េនជប៉ុន បានធ្លាក់ចុះជិតដល់កម្រិតទាបក្នុងរយៈពេលពីរសប្តាហ៍ មុនការបោះឆ្នោតសកលសារជាថ្មី នៅចុងសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រៀបធៀបនឹងលុយអឺរ៉ូ ១អឺរ៉ូ ប្តូរបាន ១.១៨ដុល្លារ នៅក្នុងការជួញដូរនាព្រឹកព្រលឹម ខណៈដែលលុយអង់គ្លេស ១ sterling ប្តូរបាន ១.៣៦ដុល្លារ ដោយនេះគឺជាអត្រាមួយមានស្ថិរភាព មុនកិច្ចប្រជុំថ្ងៃព្រហស្បតិ៍ស្តីអំពីគោលនយោបាយ នៅធនាគារកណ្តាលអឺរ៉ុប និងធនាគារអង់គ្លេស។
ដោយឡែក លុយយ៉េនជប៉ុន ហាក់មានភាពទន់ខ្សោយបន្តិច ដោយ ១ដុល្លារ ប្តូរបានដល់ទៅប្រហែល ១៥៦យ៉េនឯណោះ ដែលជាការខិតទៅរកភាពទន់ខ្សោយបំផុត គិតចាប់តាំងពីថ្ងៃទី២៣ ខែមករា បន្ទាប់ពីលុយយ៉េនបានឡើងថ្លៃ នៅពេលដែលមានការរំពឹងទុកថា ធនាគារកណ្តាលញូវយ៉កត្រួតពិនិត្យអត្រាការប្រាក់ មានន័យថានឹងអាចមានកិច្ចអន្តរាគមន៍ក្នុងទីផ្សារប្រាក់យ៉េន។
យ៉ាងនេះក្តី ទីផ្សាររូបិយប័ណ្ណអាមេរិកនៅតែរង់ចាំដំណឹង ជុំវិញការតែងតាំងលោក Kevin Warsh ជាប្រធានធនាគារកណ្តាលថ្មី ដោយប្រធានាធិបតី ដូណាល់ ត្រាំ ពីព្រោះលុយដុល្លារចាប់ផ្តើមរឹងមាំវិញ គឺដោយសារតែមានការរំពឹងទុកថាលោក Warsh ទំនងជាមិនជំរុញឱ្យមានការកាត់បន្ថយអត្រាការប្រាក់ ក្នុងពេលឆាប់ៗ។ ជាមួយគ្នានេះ វិនិយោគិនក៏អាចមានភាពធូរស្រាលផងដែរ នៅពេលដែលការតែងតាំងប្រធានថ្មី បានបន្ធូរបន្ថយកង្វល់មួយចំនួន ទាក់ទងនឹងឯករាជ្យភាពនៃធនាគារកណ្តាលអាមេរិក ដែលរងការគំរាមកំហែងពីលោក ត្រាំ ក្នុងពេលដែលលោក Jerome Powell នៅជាប្រធាន៕







