លោក ពូទីន ថាកំណើនសេដ្ឋកិច្ចរុស្ស៉ីបានថយមកនៅត្រឹម១ភាគរយ កាលពីឆ្នាំ២០២៥ (Video inside)
04-02-2026 13:26
(មូស្គូ)៖ នាថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសរុស្ស៉ី ទទួលបានកំណើនត្រឹម១ភាគរយប៉ុណ្ណោះ កាលពីក្នុងឆ្នាំ២០២៥ ដែលជាអត្រាដ៏ទាបមួយ ធៀបទៅនឹងឆ្នាំ២០២៤ ស្របពេលដែលទីក្រុងមូស្គូបន្តរងសម្ពាធ ដោយសារតែការធ្វើសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
អំឡុងកិច្ចប្រជុំរដ្ឋាភិបាល លោក ពូទីន បានលើកឡើងថា GDP របស់រុស្ស៉ីបានកើនត្រឹម១ភាគរយកាលពីឆ្នាំ២០២៥ ដែលនេះជាកំណើនដ៏យឺត ធៀបនឹងមុនៗ ដូចដែលបានមើលឃើញកន្លងមក ដូចជានៅឆ្នាំ២០២៣ ដែលសេដ្ឋកិច្ចមានកំណើន ៤.១ភាគរយ និងនៅឆ្នាំ២០២៤ ដែលមានកំណើន៤.៣ភាគរយ។
ដំបូងឡើយ ការចំណាយច្រើនទៅលើវិស័យយោធារុស្ស៉ី សម្រាប់សង្រ្គាមនៅអ៊ុយក្រែន បានជំរុញកំណើនសេដ្ឋកិច្ច និងជួយទីក្រុងមូស្គូបញ្ចៀសការដួលរលំសេដ្ឋកិច្ច ក្រោយការឈ្លានពានលើអ៊ុយក្រែន ចាប់ផ្តើមកាលពីឆ្នាំ២០២២។ យ៉ាងណាមិញ ការកើនឡើងនៃការចំណាយនេះ ក៏បានរុញឱ្យអតិផរណាហក់ឡើងផងដែរ។ តម្លៃទំនិញខ្ពស់បានកាត់បន្ថយភាពរឹងមាំពិតប្រាកដនៃសេដ្ឋកិច្ចរបស់រុស្ស៉ី ហើយដើម្បីគ្រប់គ្រងអតិផរណា អាជ្ញាធររុស្ស៉ីបានដំឡើងអត្រាការប្រាក់ ជាហេតុនាំឱ្យឥណទានមានតម្លៃខ្ពស់។ ជាលទ្ធផលក្រុមហ៊ុនអាជីវកម្មបាននាំគ្នាត្អូញត្អែរ ដោយសារតែថ្លៃកម្ចីខ្ពស់ធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគ និងភាពរីកចម្រើន។
គួរបញ្ជាក់ថា ក្នងខែកុម្ភៈនេះ ទីក្រុងមូស្គូបានបញ្ចេញទិន្ន័យស្តីពីកញ្ចប់ថវិកា ដែលបង្ហាញថាប្រាក់ចំណូលពីប្រេងនិងឧស្ម័ន ដែលមានសារសំខាន់សម្រាប់ទ្រទ្រង់ថវិកាជាតិ បានធ្លាក់ចុះដល់កម្រិតទាបបំផុតមួយ មិនធ្លាប់មានក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ។ វិស័យប្រេងនិងឧស្ម័ន រួមជាមួយអាជីវកម្មជាច្រើនទៀតរបស់ប្រទេសរុស្ស៉ី បានស្ថិតក្រោមការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ពីសំណាក់អឺរ៉ុបនិងសហរដ្ឋអាមេរិក ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែន បានផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២៕






